
លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន ប្រធានអង្គការសុខភាពពិភពលោក បានកោតសសើររដ្ឋបាលថ្នាក់ក្រោមជាតិរបស់ប្រទេសកម្ពុជា ដែលបានត្រៀមលក្ខណៈឆ្លើយតបទៅនឹងជំងឺកូវីដ-១៩។
ការបញ្ជាក់នេះធ្វើឡើង ក្នុងកិច្ចប្រជុំជាន់ខ្ពស់ រវាងស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិនៅកម្ពុជា ស្ដីពីកម្មវិធីរួមគ្នា ដើម្បីគាំទ្រជនទេសន្ដប្រវេសន៍ ដែលវិលត្រឡប់ក្នុងស្ថានភាពនៃការ រាតត្បាត ជំងឺកូវីដ-១៩ និងផលប៉ះពាល់ នាព្រឹកថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ។
លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន មានប្រសាសន៍ថា លោកស្រី បានចុះធ្វើទស្សនកិច្ចនៅខេត្តបាត់ដំបង បន្ទាយមានជ័យ និងសៀមរាប ជាមួយលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ដើម្បីពិនិត្យមើលដោយផ្ទាល់អំពីរបៀបដែលខេត្តនីមួយៗ បាននិងកំពុងរៀបចំត្រៀមលក្ខណៈ និងឆ្លើយតបទៅនឹងជំងឺកូវីដ-១៩។ លោកស្រីបន្ដថា ការត្រៀមលក្ខណៈ និងការឆ្លើយតបក្នុងមូលដ្ឋាននេះ មានសារៈសំខាន់ខ្លាំងណាស់ ដើម្បីទទួលបានជោគជ័យ។
លោកស្រីបានឃើញ រួចមកហើយនូវវឌ្ឍនភាពដ៏សម្បើម និងតម្លៃនៃកិច្ចសហការពហុវិស័យ ព្រោះមានសារៈសំខាន់ខ្លាំងណាស់ក្នុងការវិនិយោគទៅលើទំនាក់ទំនងដ៏រឹងមាំ និងប្រកបដោយភាពជឿជាក់ រវាងដៃគូនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕
រូបភាពក្រសួងមហាផ្ទៃ
សំ វណ្ណា