
ចំនួនមនុស្សស្លាប់ថ្មី និងមនុស្សឆ្លងថ្មីនៃវីរុស Covid-19 ប្រចាំថ្ងៃនៅជុំវិញពិភពលោក នៅតែបន្តកើនឡើងក្នុងកម្រិតខ្ពស់ដដែល ដែលក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០នេះ មនុស្សថ្មីចំនួន ៥,៦១១នាក់ បានបាត់បង់ជីវិតដោយសារវីរុសនេះ និងមនុស្សថ្មីចំនួន ២៣៧,០៣៣នាក់ បានឆ្លងវីរុសផ្លូវ ដង្ហើមមួយនេះ ដែលនេះបើតាមការចុះផ្សាយរបស់ Worldometer ។
ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះដែរ សហរដ្ឋអាមេ រិក និងប្រទេសប្រេស៊ីល មានមនុស្សស្លាប់ថ្មី និងមនុស្សឆ្លងថ្មីនៃវីរុស Covid-19 រហូតដល់ជាង ១ពាន់នាក់ គឺអាមេរិកមានមនុស្សស្លាប់ថ្មីចំនួន ១,០៩២ នាក់ និងប្រេស៊ីលមានមនុស្សស្លាប់ថ្មីចំនួន ១,៣៤៦នាក់។
សូមបញ្ជាក់ជូនថា ចំនួនអ្នកឆ្លងវីរុស Covid-19 សរុបនៅជុំវិញពិភពលោក បានកើនឡើងដល់ជាង ១៥លាននាក់ហើយ គឺចំនួន ១៥,០៨២,៨៨៣នាក់ និងអ្នកស្លាប់សរុបដោយសារវីរុសនេះ បានកើនឡើងដល់ជិត៦២ម៉ឺននាក់ហើយដែរ គឺចំនួន ៦១៨,៤២៧នាក់ ខណៈដែលអ្នកជាសះស្បើយពីវីរុសនេះ បានកើនឡើងដល់ជិត១០លាននាក់ គឺចំនួន ៩,១០២,៩២៧នាក់ គិតត្រឹមព្រឹកថ្ងៃពុធដដែលនេះ៕