
ភ្នំពេញ៖ រដ្ឋាភិបាលបារាំង តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ១.៥លានអឺរ៉ូ (ប្រមាណ១.៧លានដុល្លារ) ដើម្បីចូលរួមស្តារឡើងវិញនូវវិស័យទេសចរណ៍កម្ពុជា ក្រោយវិបត្តិ Covid- 19។
វិស័យនេះ បានរងនូវផលប៉ះពាល់យ៉ាង ធ្ងន់ធ្ងរ អំឡុងពេលរីករាលដាលជំងឺកូវីដ១៩ ដោយសារ តែការបាត់បង់នូវភ្ញៀវបរទេសមកកម្ពុជា រួមទាំងការផ្អាកជើងហោះហើរ ចេញពីបណ្តាប្រទេសមួយចំនួន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ។
នេះបើតាមលទ្ធផលនៃជំនួបពិភាក្សា ធ្វើឡើងនៅទីស្តីការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ដោយទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ដឹកនាំដោយលោកស្រី Ophelie BOURHIS ទីភ្នាក់ងារបារាំងសម្រាប់ការ អភិវឌ្ឍន៍ (AFD) ប្រចាំកម្ពុជា និងមានការចូលរួមពីអាជីវករទេសចរណ៍ជាជនជាតិបារាំងនៅកម្ពុជាផងដែរ។
ឯកឧត្ដម ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហ កម្មទេសចរណ៍ និងជាអគ្គលេខាធិការនៃគណៈកម្មា ធិការជាតិវាយតម្លៃទីក្រុងស្អាតនៃក្រសួង ទេសចរណ៍ បានបញ្ជាក់ថា ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានឯកភាពគ្នាប្រើប្រាស់ហិរញ្ញប្បទាន ១.៥លានអឺរ៉ូ ក្រោមគម្រោងពង្រឹងសមត្ថភាពក្នុងវិស័យទេសចរណ៍ (២០២០-២០២៣) ដើម្បីចូលរួមអនុវត្តផែនទីចង្អុលផ្លូវស្តារឡើងវិញ លើវិស័យទេសចរណ៍កម្ពុជាក្រោយវិបត្តិនៃជំងឺកូវីដ១៩។
ឯកឧត្ដម ណេប សាមុត បានឱ្យដឹងទៀតថា នៅក្នុងកិច្ចប្រជុំនេះដែរទីភ្នាក់ងារអភិវឌ្ឍន៍បារាំង បានគាំទ្រក្នុងការប្រើប្រាស់គម្រោងហិរញ្ញប្បទានរបស់ទីភ្នាក់ងារអភិវឌ្ឍន៍ បារាំងពង្រឹងស្តារឡើងវិញក្នុងវិស័យទេសចរ ណ៍ក្រោមហិរញ្ញប្បទាន ១,៥ លានអ៊ឺរ៉ូ របស់ខ្លួន នឹងប្រើប្រាស់លើគម្រោងសកម្មភាពចំនួន២៤ គម្រោងសម្រាប់ ចូលរួមផែនការស្តារឡើងវិញក្នុង និងក្រោយវិបត្តិកូវីដ១៩ ឱ្យមានភាពល្អប្រសើរឡើងវិញ។
សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ទាំង២៤នេះ មានធាតុចូលសំខាន់ៗចំនួន៣ ដែលមានដូចជា៖ ការជួយពង្រឹងអភិបាល កិច្ចក្នុងវិស័យទេសចរណ៍ ដែលមានការជួយ ពង្រឹងសមត្ថ ភាព ពង្រឹងរចនាសម្ព័ន្ធវិស័យឯកជននៅក្នុងឧស្សាហកម្មទេសចរណ៍ , ការជួយពង្រឹងសមត្ថ ភាពស្ថាប័ន និងភាពជាដៃគូរដ្ឋនិងឯកជន, ការជួយរៀបចំគម្រោងចាំបាច់ ដើម្បីជួយរៀបចំវិស័យទេសចរណ៍គម្រោងជួយគាំទ្រផ្នែកសិក្សាទីផ្សារ និងផ្សព្វផ្សាយគម្រោងជួយអេកូទេសចរណ៍ ទេសចរណ៍ម្ហូបអាហារ ទេសចរណ៍ទីក្រុង៕
ក្រសួងទេសចរណ៍
សំ វណ្ណា