
កំពង់ស្ពឺ ៖ យុវជន២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិឃុំនិទាន បានសហការជាមួយកម្លាំងនគរបាលស្រុកបសេដ្ឋ ធ្វើការ ឃាត់ខ្លួន បន្ទាប់ពីក្រុមជនសង្ស័យខាងលើបានធ្វើសកម្មភាពលួចគាស់សាលាដំណាក់យកសម្ភារៈរបស់របរ ហើយរត់គេច ខ្លួនបានចំនួន៣ថ្ងៃ ។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីតាជី យាយជី និងប្រជាពលរដ្ឋ សមត្ថកិច្ចក៏ធ្វើការស្រាវជ្រាវវែកមុខសញ្ញា និងឈានដល់ ការឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុង ភូមិត្រពាំង រំដេញ ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
តាមសម្តីរបស់សមត្ថិកិច្ចស្រុកបសេដ្ឋ បាននិយាយអោយដឹងថា ក្រុមជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន ទី០១មាន ឈ្មោះ សុខ រដ្ឋា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី០២មានឈ្មោះ គឹម វណ្ណា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទាំង២នាក់រស់នៅក្នុងភូមិត្រពាំងរំដេញ ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
តាមសម្តីរបស់មន្ត្រីនគរបាលដដែលបាននិយាយអោយដឹងថា កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅ ក្រុមជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចគាស់ទ្វារសាលាដំណាក់ ដើម្បីលួច យកសម្ភារៈ មានតុមូលធ្វើអំពី(ដែកអីណុក)ចំនួន០២ កៅអីជ័រចំនួន២៨ រួចរត់គេចខ្លួនបាត់ស្រមោល។ រហូតមកដល់ព្រឹក ទើបមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងលោកតា លោកយាយជាពុទ្ធបរិស័ទ ដែលតែងតែមកធ្វើបុណ្យនៅក្នុងសាលា ដំណាក់នេះ ក៏បានទៅដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិឃុំនិទាន ។
ខណៈពេលនេះក្រុមជនសង្ស័យទាំងពីរនាក់ខាងលើ សមត្ថកិច្ចបាននាំយកមកអធិការនគបាលស្រុក ដើម្បីសួរនាំ ធ្វើរបាយការណ៍ និងកសាងសុំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគបាលខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់៕ អ៊ុ ណូន