
ភ្នំពេញ ៖ បច្ចុប្បន្ន ប្រទេសកម្ពុជា មានក្រុមហ៊ុនវិនិយោគចម្ការដំណាំចេករហូតដល់ ១៥ក្រុមហ៊ុន លើផ្ទៃដីដាំដុះជាង៨.០០០ហិកតា និងមានរោងចក្រវេចខ្ចប់ចំនួន ២១កន្លែង បន្ទាប់ពីរដ្ឋាភិបាលចិន អនុញ្ញាតឲ្យនាំចូលទៅកាន់ទីផ្សារប្រទេសចិន។
យោងតាមការហ្វេសប៊ុកស្ថានទូតចិនប្រចាំនៅកម្ពុជា បានបញ្ជាក់នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ នេះថា នាពេលថ្មីៗនេះរដ្ឋបាលគយប្រទេសចិន ទើបអនុញ្ញាតឲ្យក្រុមហ៊ុនចំនួន ៥ទៀត អាចវេចខ្ចប់ និងនាំចេញផ្លែចេករបស់ប្រទេសកម្ពុជា ទៅកាន់ប្រទេសចិន លើកទី៤ ទើបធ្វើឲ្យចំនួនក្រុមហ៊ុនកើនឡើងដល់ ១៥ក្រុមហ៊ុន។
តាម Facebook ផ្លូវការរបស់ស្ថានទូតចិននៅកម្ពុជា បានចុះផ្សាយ ថា «កាលពីពេលថ្មីៗនេះ រដ្ឋបាលគយប្រទេសចិន បានសម្រេចអនុញ្ញាតក្រុមហ៊ុន Sing He Yi Agriculture Co., Ltd និងក្រុមហ៊ុនកសិកម្មផ្សេងទៀតសរុបចំនួន ៥ ជាសហគ្រាសចំការ និងរោងចក្រវេចខ្ចប់នាំចេញផ្លែចេកនៃប្រទេសកម្ពុជាទៅកាន់ប្រទេសចិនលើកទី៤។
រហូតមកដល់បច្ចុប្បន្ននេះ ចម្ការចេកក្នុងប្រទេសកម្ពុជា ដែលបានចុះឈ្មោះមានចំនួនរហូតដល់ ១៥ក្រុមហ៊ុន ការដាំដុះដំណាំចេកមានចំនួនជាង ៨.០០០ហិកតា និងមានរោងចក្រវេចខ្ចប់ចំនួន ២១កន្លែង បានជួយលើកកម្ពស់យ៉ាងល្អប្រសើរ លើសមត្ថភាពកែច្នៃផលិតកម្មទម្រង់នៃការនាំចេញ និងការប្រកួតប្រជែងរបស់ដំណាំចេកនៅក្នុងប្រទេសកម្ពុជា»៕
សំអាង