
(ខេត្តពោធិ៍សាត់,ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០)៖ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងឆមាសទី១ និងលើកទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២០ សម្រាប់អនុវត្តបន្តនៅទូទាំងខេត្តពោធិ៍សាត់។ សមាសចូលរួមពីអនុប្រធានក្រុមការងារ សមាជិក សមាជិកា សរុបប្រមាណ ១០១៥នាក់។
ឯកឧត្តម ស៊ុយ សែម ក៏បានថ្លែងកោតសរសើរដល់ សមាជិក សមាជិកា ក្រុមការងារថ្នាក់ជាតិ ក៏ដូចជានៅមូលដ្ឋាន ដែលបានរួមគ្នាធ្វើសកម្មភាពជាបន្តបន្ទាប់ចុះជាប់ជាមួយប្រជាជន ដោះស្រាយបាននូវសំណើ សំណូមពររបស់មូលដ្ឋានទាន់ពេលវេលា។
ក្នុងជំហានបន្ទាប់ ឯកឧត្តម ស៊ុយ សែម បានដាក់ចេញនូវផែនការសកម្មភាពការងារចំនួន១០ចំណុច ដែលរួមមាន៖
១-ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសុខសុវត្ថិភាពនៅមូលដ្ឋាន បង្កេីនការទប់ស្កាត់ បង្ក្រាបបទល្មេីសគ្រឿងញៀន និងបទល្មេីសផ្សេងៗទៀត។
២-ពង្រឹង និងពង្រីក សមាជិកបក្ស និងនាំសមាជិកបក្សទៅចុះឈ្មោះបោះឆ្នោត ព្រមទាំងចងក្រងក្រុមបក្សឡើងវិញ។
៣-ពង្រឹងការងារនយោបាយ ក្នុងស្រទាប់យុវជន (អប់រំ និងថែទាំ)។
៤-ចុះជួបជាមួយប្រជាជនឱ្យបានញឹកញ៉ាប់ ដោយបង្កើតកម្មវិធីដើម្បីគ្រប់គ្រងយុវជន។
៥-ធ្វើការប្រកបដោយតម្លាភាព បម្រើសេវាប្រកបដោយប្រសិទ្ធភាព កុំធ្វើឱ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់មកលើថ្នាក់ដឹកនាំ។
៦-យកចិត្តទុកដាក់ដោះស្រាយជីវភាពប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ដូចជាការដោះស្រាយទឹក និងស្បៀងជាដើម។
៧-ស្នើឱ្យក្រុមការងារទាំងអស់ បន្តចុះជួបប្រជាពលរដ្ឋតាមរយៈវេទិកាសាធារណៈ ឱ្យបាន១ដង ក្នុង១ខែ ដើម្បីបានដឹងពីបញ្ហា និងទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ហើយដាក់ចេញនូវដំណោះស្រាយឱ្យមានប្រសិទ្ធភាព និងឆាប់រហ័ស៕
៨-បន្តផ្សព្វផ្សាយជាប្រចាំ ពីវិធានការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩។
៩-ត្រូវបន្តអនុវត្តន៍ការងារ ដែលនៅសេសសល់ពីឆមាសទី១។
១០-ធ្វើការបូកសរុបរបាយការណ៍ ដែលបានអនុវត្តន៍កន្លងមកជូនថ្នាក់ជាតិ៕
ដោយ៖រំដួល(កែសម្រួលដោយ មណ្ឌល កែវ)