
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចុះពិនិត្យទីតាំងចិញ្ចឹមទា យកស៊ុត របស់កសិករ សូ យក់សេង នៅភូមិកណ្តែក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
សព្វ ថ្ងៃគាត់មានមេទាពង ២៤០០ក្បាលកំពុងផ្តល់ពងសព្វថ្ងៃនិងត្រៀមដាក់កូនទា ៥០០០ក្បាលទៀតនៅពេលទ្រុងថ្មីសាងសង់រួច។ គាត់ចិញ្ចឹមលើផ្ទៃដីសរុបប្រមាណ ១៦០០មែត្រក្រឡាដែលចំណាយសាងសងលើទ្រុងអស់ ១៣០០ដុល្លា ប្រក់ស្បូវលាយស័ង្កី។
ចំណែកការចំណាយទៅលើការផ្តល់ចំណីនិងកម្មករអស់ប្រហែល ៥៨មុឺនរៀលក្នុង១ថ្ងៃនិងចំនេញបានចន្លោះពី២៩មុឺនទៅ ៣០មុឺនរៀល ក្នុង១ថ្ងៃ។
គាត់លក់លាមកទាក្នុង ១ខែបាន ៥០មុឺនរៀលបន្ថែមទៀត។សរុប១ខែគាត់អាចរកចំណូលបានប្រហែល៩,៥លានរៀល។
ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើកោតសរសើរកសិករ សូ យក់សេងនិងក្រុមគ្រួសារ ដែលបានខិតខំពង្រីកខ្លួនក្នុងវិស័យចិញ្ចឹមសត្វ ជាពិសេសការចិញ្ចឹមយកស៊ុត ព្រោះ ថាបច្ចុប្បន្ន ការចិញ្ចឹមក្នុងស្រុកនៅមានកម្រិត និងពុំទាន់អាចផ្គត់ផ្គង់តម្រូវការក្នុងស្រុកបាននៅឡើយ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំដល់មន្រ្តីជំនាញបន្តចុះផ្តល់ការណែនាំ និងផ្សព្វផ្សាយពីរបៀបធ្វើ និងលាយចំណីជូនកសិករ ជាពិសេសរបៀបកែច្នៃម៉ាស៊ីនកិនចំណី ដែលអាចជួយសម្រួលដល់ពលកម្មក្នុងវិស័យចិញ្ចឹមសត្វ ក៏ដូចជាជួយសម្របសម្រួលយន្តការទីផ្សារដល់កសិករផង ដើម្បីធានានិរន្តភាពផលិតកម្ម និងតម្លៃទីផ្សារ៕