
ភ្នំពេញ ៖ សំណើសុំអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា អោយក្រុមហ៊ុន ស្នេថេក ខូអិលធីឌី និងសំណើសុំអនុម័តសេចក្តីព្រាង ច្បាប់ស្តីពីការអនុម័ត យល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អោយក្រុមហ៊ុន ខេមបូឌា អុិនធើណេសិនណល អុីនវេសមែន ឌីវើឡុបមែន គ្រុប ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា លើកយកមកពិនិត្យ តាមរយៈកិច្ចប្រជុំក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី១២ មិថុនា នេះ។
អគ្គលេខាធិការរដ្ឋសភា ឯកឧត្តម ឡេង ប៉េងឡុង មានប្រសាសន៍ប្រាប់អ្នកសារព័ត៍មាននៅ ក្រោយកិច្ចប្រជុំនេះថា សំណើសុំអនុម័តសេចក្តីព្រាងច្បាប់ទាំងពីរខាងលើត្រូវបានរាជរដ្ឋាភិបាលកម្ពុជាផ្ញើ ជូនរដ្ឋសភាកាលពីសប្តាហ៍មុន និងទុកជាការប្រញាប់ ដែលនាំអោយថ្ងៃនេះគណៈកម្មាធិការអចិន្ត្រៃរដ្ឋសភា យកសេចក្តីព្រាងច្បាប់ទាំងពីរនេះមកប្រជុំ ដើម្បីពិនិត្យ និងអនុម័តដោយកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានាពេលនេះបានសម្រេចបញ្ជូនសេចក្តីព្រាង ច្បាប់នេះទៅជូនគណៈកម្មការទី២ និងទី៦ ធ្វើការពិនិត្យ សិក្សា និងស្រាវជ្រាវ រួចដាក់ជូនមករដ្ឋសភាវិញដើម្បីប្រជុំ និងអនុម័តនាពេលខាងមុខ។
បើតាមឯកឧត្តម ឈាង វុន សមាជិករដ្ឋសភាបានអោយដឹងថាក្រុមហ៊ុន ស្នេថេក ខូអិលធីឌី និង ក្រុមហ៊ុន ខេមបូឌា អុិនធើណេសិនណល អុីនវេសមែន ឌីវើឡុបមែន គ្រុប គឺជាក្រុមហ៊ុនវិនិយោគខាង ផ្នែកអគ្គិសនី ជាដៃគូសហការល្អជាមួយ រាជរដ្ឋាភិបាល ក្នុងការផ្គត់ផ្គង់អគ្គិសនី ដើម្បីឆ្លើយតបនឹងតម្រូវការ នៃការប្រើប្រាស់ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចអោយ ឈានឡើងបន្ថែមទៀត តាមរយៈការពឹងផ្អែកទៅលើផ្នែកថាមពលសម្រាប់ដំណើរការលើវិស័យឧស្សាហកម្ម៕ (អត្ថបទៈចាន់ សុភឿន,រូបភាពៈហេង សុខន)