
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំ ដល់អាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធធ្វើការសម្អាតមហាវិថីឈ្នះឈ្នះឱ្យបានស្អាត ឱ្យមានបរិស្ថានល្អប្រសើរ ជាមួយនឹងការទុកដាក់វេចខ្ចប់សំរាមអោយបានស្អាតជាប្រចាំ ហើយដើមឈើនៅតាមមហាវិថីនេះ ក៏ត្រូវតែកាត់លះមែឃឱ្យបានស្អាតដើម្បីសោភណភាពនិងសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ការណែនាំរបស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើង នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ ខណៈដែលដឹកនាំមន្រ្តី អាជ្ញាធរនិងមន្ទីរពាក់ព័ន្ធ ចុះត្រួតពិនិត្យមើលបរិយាកាសនិងសណ្តាប់ធ្នាប់នៅជុំវិញបរិវេណវិមានឈ្នះឈ្នះ និងតាមបណ្ដោយវិថីមហាវិថីឈ្នះឈ្នះ ដើម្បីធ្វើយ៉ាងណាឱ្យតំបន់ទាំងនោះ មានបរិស្ថានល្អ និង មានសណ្ដាប់ធ្នាប់កាន់តែល្អប្រសើរ។
ឯកឧត្តម អភិបាលបានមានប្រសាសន៍ថា នៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះ ស្ថិតក្នុងខណ្ឌជ្រោយចង្វារឃើញថា មានធូលីដី ដក់ទឹក នៅតាមចិញ្ចើមផ្លូវ ជាមួយនឹងភក់ជ្រាំជាច្រើនកន្លែងផងដែរ ។ ជាងនេះទៅទៀត ការទុកដាក់សំរាម ក៏ជាបញ្ហាប្រឈមមួយដែរ។
ដូច្នេះទេស្នើឱ្យអាជ្ញាធរធ្វើយ៉ាងណាចុះណែនាំបងប្អូនប្រជាពលរដ្ឋ ដែលលក់ដូរ នៅតាមចិញ្ចើមមហាវិថីនេះ ត្រូវសម្អាតទីតាំងលក់ដូររបស់ខ្លួន ឱ្យបានល្អ ដោយត្រូវវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ធ្វើយ៉ាងណាឱ្យតំបន់នេះ មានអនាម័យ បរិស្ថានល្អ ក៏ដូចជាចូលរួមបង្ការទប់ស្កាត់នូវជំងឺកូវីដ-១៩ ផងដែរ ខណៈដែលជំងឺនេះ បាននិងកំពុងរីករាលដាល នៅទូទាំងពិភពលោក ហើយកម្ពុជាក៏ជាប្រទេសកំពុងតែប្រឈមដែរនោះ។
ក្រៅពីបញ្ហាខាងលើ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការសំអាតធូលីដី ភក់ជ្រាំនៅលើបណ្ដោយផ្លូវនេះឱ្យបានស្អាត ជាមួយនឹងការប្រើគ្រឿងចក្រកៀទឹកដក់នៅតាមបណ្តោយផ្លូវនេះបញ្ចូលទៅក្នុងលូ ហើយមន្ទីរបរិស្ថាន និង អង្គភាពសួនច្បារ និងរុក្ខជាតិ ក៏ត្រូវទទួលខុសត្រូវ មើលថែដើមឈើ ជាប្រចាំពោលគឺ បើដើមឈើណាដែលត្រូវលះមែក គឺត្រូវកាត់ចេញឱ្យបានស្អាត ចំពោះដើមឈើងាប់ត្រូវគាស់ចេញ ដាំថ្មី និងថែទាំឱ្យបានល្អ៕
ពិសិដ្ឋ និងសំអាត
សម្រួលដោយសំ វណ្ណា