
កម្ពុជាគ្រោងនឹងបន្តចរចាជាមួយប្រទេសប្រមាណ១០ ផ្សេង ទៀត ដើម្បីយកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគី ក្នុងបំណងបើកទីផ្សារអោយកាន់តែធំ ជាមួយនឹងពិភពលោក ។
ក្នុងពិធីតែងតាំងប្រធានមន្ទីរពាណិជ្ជកម្មខេត្តកោះកុង និងសំណេះសំណាលជាមួយមន្ត្រីពាណិជ្ជកម្មកាលពីថ្ងៃទី០៣ សីហា២០២០ឯកឧត្តមប៉ាន សូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជ កម្មមានប្រសាសន៍ថា ក្រៅពីប្រទេសចិន និងកូរ៉េខាងត្បូង កម្ពុជា គ្រោងនឹងធ្វើការចរចា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយផ្សេងទៀត ដូចជា ជាមួយប្រទេសអង់គ្លេស អាមេរិក ជប៉ុន ម៉ុងហ្គោលី ឥណ្ឌា និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ាន ដែលមានសមាជិក៥ប្រទេសគឺអាមេនី បេឡារុស កាហ្សាក់ ស្ថាន កៀហ្ស៊ីស៊ីស្ថាន និងសហព័ន្ធរុស្ស៊ីផងដែរ។
ក្រសួងពាណិជ្ជកម្ម ក៏បានបង្កើតក្រុមការងារដើម្បីរៀបចំគោល នយោបាយ និងយុទ្ធសាស្ត្រចរចាជាមួយប្រទេសគោលដៅទាំងអស់រួចរាល់អស់ហើយផងដែរ ។
ថ្មីៗនេះកម្ពុជាទើបតែទទួលបានជោគជ័យក្នុងការ បញ្ចប់នៃកិច្ចចរចា បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន និងរង់ចាំពេលវេលាចុះហត្ថលេខាតែប៉ុណ្ណោះ។ កិច្ចព្រម ព្រៀង នេះនឹងផ្ដល់ផលប្រយោជន៍យ៉ាងច្រើន ដល់កម្ពុជា អោយទទួលបានផលចំណេញពីការអនុគ្រោះពន្ធ ក្នុងការនាំទំនិញចេញទៅប្រទេសចិន ។
មានន័យថា នៅពេលកិច្ចព្រមព្រៀងនៃចូលជាធរមាន ទំនិញជាច្រើនមុខ នឹងត្រូវទម្លាក់ពន្ធចូលដោយស្វ័យប្រវត្តិ។
ឯកឧត្តមបន្ថែមថា ក្រសួងពាណិជ្ជកម្ម បាននិងកំពុងអនុវត្តយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩- ២០២៣ ជាផែនទីបង្ហាញផ្លូវដែលមានភាពស៊ីច្រវ៉ាក់គ្នា និងប្រទាក់ក្រឡាជាមួយយុទ្ធសាស្រ្តចតុកោណ ផែនការយុទ្ធ សាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ២០១៥-២០២៥ និងគោលនយោបាយជាតិមួយចំនួនទៀត ហើយនៅក្នុង យុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ មានការសិក្សាលម្អិតលើវិស័យស្ដីពី ឧស្សាហកម្មធុនស្រាលសម្រាប់ពង្រីក និងធ្វើពិពិធកម្មសម្រាប់ការនាំចេញ ដែលក្នុងការសិក្សានេះ ក៏បានផ្ដោតផងដែរលើការពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពរបស់សហគ្រាសធុនតូច និងមធ្យម ក្នុងការតភ្ជាប់ Backward Linkage ជាមួយនឹងឧស្សាហកម្មធំៗ ដូចជាវិស័យកាត់ដេរ ជាដើម ។
បើតាមមន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មកម្ពុជា បានថ្លែកន្លងមកថា នៅពេលកិច្ចព្រម ព្រៀងពាណិជ្ជកម្មកម្ពុជា និងចិនចូលជាធរមាន ទំនិញពីកម្ពុជារាប់រយមុខនឹងត្រូវនាំចូលទីផ្សារចិនដោយមិនចាំបាច់បង់ពន្ធហើយទំនិញរាប់ម៉ឺនមុខទៀតក៏នឹងត្រូវចរចាជាមួយភាគីចិនក្នុងការនាំចូលដោយមិនបង់ពន្ធផងដែរ ៕