
(ខេត្តកំពង់ស្ពឺ,ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០)៖តំបន់ទេសចណ៍ មួយកន្លែងកំពុងតែបង្ហាញខ្លួនបន្តិចម្តងៗលេចចេញជារូបរាងគួរអោយគយគន់ មានផ្ទះលំហែកាយក្បែរជើងភ្នំ ចំការស្វាយស្រស់ស្អាត ថែមទាំងមានសួនសត្វនិងកន្លែងកំសាន្តជាច្រើនទៀត កំពុងតែធ្វើការអភិវឌ្ឍបន្ថែម កំពុងខ្វះកម្លាំងពលកម្មត្រូវការកូនប្រជាពលរដ្ឋដើម្បីមកបំរើការងារផងដែរ។
នេះជាជ្រុងមួយនៃការអភិវឌ្ឍន៍របស់ខេត្តកំពង់ស្ពឺចំណោមតំបន់ទេសចរណ៍ជាច្រើនមិនទាន់រាប់បញ្ចូលអស់ ក្នុងនោះខេត្តកំពង់ស្ពឺជាខេត្តមាន សក្តានុពលផ្នែកកសិកម្ម ឧស្សាហកម្មរោងចក្រ សហគ្រាសជាច្រើនទៀត។ ហើយជាតំបន់ទេសចរណ៍របស់ ឯកឧត្ដម ឧកញ៉ា បណ្ឌិត ម៉ុង ឬទ្ធី ដែលស្ថិតនៅក្នុងភូមិរំដួលជើងភ្នំ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
បើយើងធ្វើដំណើរពីរាជធានីភ្នំពេញតាមបណ្តោយផ្លូវជាតិលេខ៤ប្រមាណ២៦គីឡូម៉ែត្រ មកដល់ស្តុបផ្សារថ្នល់ទទឹងរួចហើយបត់ខាងឆ្វេងដៃតាមផ្លូវជាតិលេខ៤១ប្រមាណ៩គីឡូម៉ែត្រដល់ផ្សារអង្គមេត្រី ដែលមានផ្លូវបែកជាបួន យើងបត់ទៅខាងស្តាំដៃតាមផ្លូវក្រាលកៅស៊ូលេខ១៤៣ ចម្ងាយប្រមាណជា៥គីឡូម៉ែត្រ ដល់ស្ថានីយ៍ប្រេងយីហោ តេលានៅខាងឆ្វេងដៃលោកអ្នកបត់ខាងឆ្វេងដៃតាមផ្លូវក្រាលគ្រួសក្រហម ចម្ងាយប្រមាណ៩គីឡូម៉ែត្រ លោកអ្នកនិងទៅដល់ច្រកចូលតំបន់ទេសចរណ៍ថ្មីមួយឬហៅ (រម្មណីយដ្ឋាន)ថ្មីមួយទើបតែលេចរូបរាង ដែលអ្នកណាៗក៏ស្គាល់ថាជារបស់លោកឧកញ៉ា ម៉ុង ឬទ្ធីដែរ មានទំហំរាប់រយហិកតាឯណ្ណោះ មានកន្លែងកំសាន្តជាច្រើន និងមានសួនសត្វថែមទៀតផង ដើម្បីអោយបងប្អូនអញ្ជើញមកទស្សនាកំសាន្តនៅក្នុងតំបន់ខាងលើនេះ។
ហើយតំបន់ទេសចរណ៍មួយនេះ អាចស្រូបយកខ្យល់ឱកាសបរិសុទ្ធ មានផ្ទះវីឡាកូនកាត់ មានភ្នំ ចំការស្វាយ សួនសត្វជាដើម។មិនតែប៉ុណ្ណោះកន្លែងកំសាន្តខាងលើនេះក៏ត្រូវការ កម្លាំងពលកម្មជាច្រើនរយនាក់ នឹងផ្ដល់ប្រាក់បៀវត្សសមរម្យ ជូនកម្មករនិយោជិត ដែលជាកូនចៅប្រជាពលរដ្ឋរស់នៅក្នុងតាមបណ្ដាក្រុងស្រុកនៅក្នុងខេត្តកំពង់ស្ពឺទាំងមូល និងអ្នកជំនាញដទៃទៀតពីខេត្តផ្សេងៗទៀតផងដែរ។
ហើយជារៀងរាល់ថ្ងៃ ក៏មានអ្នកទេសចរទៅកម្សាន្តនៅទីនោះ ជាហូរហែ មិនលោះពេលជាពិសេសថ្ងៃឈប់សំរាក ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ៕
អ៊ុំ ណូន(កែសម្រួលដោយ មណ្ឌល កែវ)