
ហេតុការណ៏រលំទ្វារដែកនេះ កើតឡើងនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១០.៣០នាទីនៅផ្ទះឈ្មោះ ឆោម ឈាងភេទប្រុសអាយុ៥១ឆ្នាំប្រពន្ធឈ្មោះ យាវ គី អាយុ៥០ឆ្នាំនៅភូមិព្រែកតូចឃុំព្រែកដាច់ស្រុកលើកដែក ខេត្តកណ្ដាល។
កុមារារងគ្រោះឈ្មោះ រុន ចំរុងភេទប្រុស អាយុ០៩ឆ្នាំ មានទីលំនៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល។ សមត្ថកិច្ចស្រុកលើកដែកឲ្យដឹងថា កុមារាឈ្មោះរុន ចំរុង និងគ្នីគ្នា៤ទៅ៥នាក់បាននាំគ្នាមកលេងនៅក្នុងដីឡូរ៍ របស់ជីតា ដោយរុញទ្វាររបងលេង ទៅមកៗធ្វើឲ្យផុតគន្លឹះខ្ទាស់ទ្វារបណ្ដាលឲ្យរលំទ្វារដែកសង្កត់ពីលើក្មេងប្រុស២នាក់មួយឈ្មោះរុន ចំរុង (ក្មេងរងគ្រោះស្លាប់ ) និងម្នាក់ទៀត ឈ្មោះភារ៉ា ឆៃរ៉ាត់អាយុ១០ឆ្នាំ ត្រូវចំជើងឆ្វេងរបួសស្រាល។
ក្រោយពីទទួលព័ត៌មានសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ពិនិត្យឃើញថាក្មេងរងគ្រោះ ពិតជាស្លាប់ដោយរលំទ្វារសង្កត់ពិតប្រាកដមែន។ ឪពុកម្ដាយក្មេងរងគ្រោះ សំណូមពរ ដល់សមត្ថកិច្ចជំនាញមិនបាច់ធ្វើការពិនិត្យលើសាកសពកូនរបស់ខ្លួនទេ និងយកសពធ្វើបុណ្យតាមប្រពៃណី៕
រូបភាពពីនគរបាលខេត្តកណ្តាល
សំ វណ្ណា