
ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះចាន់ សុខបញ្ញា ភេទ ប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកធនាគារអេស៊ីលីដា ស្នាក់នៅផ្ទះលេខ៥៩ ផ្លូវ៦៤០ ភូមិដើមអំពិល សង្កាត់ ច្បារអំពៅ១ បានទុកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ ព្រះសីហនុ ១G-៤៣៥៤ នៅផ្ទះគ្មានលេខ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដោយពុំបានចាក់សោកម៉ូតូទេ រួចក៏ចូលក្នុងផ្ទះបងប្អូន ស្រាប់តែមានជនសង្ស័យ ០២នាក់ ឈ្មោះ ធី អូន និងឈ្មោះសាន សុនី ជិះម៉ូតូម៉ាកស្កូបពី ពណ៌ស ផ្លាកលេខ ភ្នំពេញ ១ID-២៨៣៩ មកឈប់ជិត រួចធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះ រួចក៏ជិះគេចខ្លួនបាត់។
ដោយជនសង្ស័យឈ្មោះសាន សុនី ជាអ្នកជិះយកទៅលក់ឲ្យឈ្មោះថា ប្រើទូរស័ព្ទលេខ ០១០ ៥២៤១៣៦ នៅតាមផ្លូវជាតិលេខ៣ បានលុយ៣០០ដុល្លារ រួចយកឲ្យជនសង្ស័យ ឈ្មោះធី អូន ១០០ដុល្លារ។
សមត្ថកិច្ចក៏ឃាត់ខ្លួនជនសង្ស័យឈ្មោះធី អូន នៅបន្ទប់ជួល ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ និងធ្វើការឆែកឆេរ ដកហូតបាន៖ ម៉ូតូ០២គ្រឿង (០១គ្រឿងម៉ាកស្កូបពី ជិះធ្វើសកម្មភាព) ០១គ្រឿងទៀតម៉ាក សេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ ១IG ៧៦៧៨ និងក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញឿន) ០២កញ្ចប់។
សមត្ថកិច្ចនគរបាល ខណ្ឌច្បារអំពៅ សហការជាមួយនគរបាលក្រុងតាខ្មៅ ខេត្តកណ្តាល ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះសាន សុនី នៅផ្ទះសំណាក់ឡាលីន (បន្ទប់លេខ១០១) ក្រុងតាខ្មៅ ខេត្តកណ្តាល ព្រមទាំងដកហូត ទូរស័ព្ទដៃ០១គ្រឿង ម៉ាកសូនី ពណ៌ខ្មៅ, លុយ២០០ដុល្លារ និងកូនសោខ្សៀលេខ៨ចំនួន០១។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ឃាត់ខ្លួននៅអធិការដ្នាននគបាល ខណ្ឌច្បារអំពៅ ដើម្បីអនុវត្តតាមនិតិវិធី៕
ប្រភពស្នងការនគរបាលរាជធានីភ្នំពេញ
សំ វណ្ណា