
សេដ្ខកិច្ចជាតិ ៖ អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វែងរកដៃគូ សម្រាប់ជម្រុញដល់ការ នាំចេញផលិតផលកសិកម្ម ទៅកាន់ទីផ្សារអន្តរជាតិ សម្ព័ន្ធសមាគម សហគ្រាសធុនតូច និងមធ្យមកម្ពុជា បានចាប់ដៃគូ ជាមួយក្រុមហ៊ុនដ៏ធំមួយមកពីប្រទេសឥណ្ឌា ដើម្បីផ្សារភ្ជាប់ផលិតផលសម្រេច របស់កម្ពុជាទៅកាន់ទីផ្សារពិភពលោក តាមរយៈប្រព័ន្ធអនឡាញ។
តាមរយៈការចុះអនុស្សារណៈយោគយល់គ្នាមួយ រវាង សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ហៅកាត់ថា FASMEC និងក្រុមហ៊ុន SRAM & WRAM កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ លោកឧកញ៉ា តែ តាំង ប៉ ប្រធានសម្ព័ន្ធសមាគម សហគ្រាសធុនតូច និងមធ្យមកម្ពុជា បានឱ្យដឹងថា នេះជាលើកដំបូង ដែល SME កម្ពុជា ចាប់ដៃគូជាមួយ ក្រុមហ៊ុនដ៏ធំរបស់ឥណ្ឌា ដែលមានបទពិសោធន៍ជោគជ័យ ក្នុងការនាំផលិតផលរបស់ប្រទេសជាច្រើនទៅកាន់ទីផ្សារ ពិភពលោក។ លោកឧកញ៉ា តែ តាំងប៉ ជឿជាក់ថា ការចាប់ដៃសហការគ្នារវាង FASMEC ជាមួយក្រុមហ៊ុននៃប្រទេស ឥណ្ឌាមួយនេះ នឹងជួយដោះស្រាយបញ្ហាទីផ្សារ នៃផលិតផលកសិកម្មនៅកម្ពុជា អោយមានភាពល្អប្រសើរឡើងជាមិន ខាន ក្រៅពីនោះតម្លៃកសិផល ឬ ផលិតផលសម្រេច ដែលផលិតនៅកម្ពុជា នឹងមាននិរន្តរភាព ប្រសើរជាងពេលមុនៗ។
បើតាមការបញ្ជាក់ ពីប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និង មធ្យមកម្ពុជា រូបនេះ បង្ហាញថា ការចុះអនុស្សារណៈ នេះ នឹងជម្រុញការនាំចេញផលិតផលសម្រេចរបស់កម្ពុជា ទៅកាន់ទីផ្សារជុំវិញពិភពលោក តាមប្រព័ន្ធអនឡាញ ដូចទៅនឹងការលក់ផលិតផលរបស់ក្រុមហ៊ុនអនឡាញធំៗ ដូចអាលីបាបា និង អាម៉ាហ្ស៊ូន ជាដើម។ ដែលចំនុចនេះ ក៏ស្របទៅតាមមហិច្ឆិតារបស់សម្ព័ន្ធសមាគម សហគ្រាសធុនតូច និងមធ្យមកម្ពុជា ដែលបានខិតខំប្រឹងប្រែងនាពេលកន្លង មក ជាពិសេស នឹងចូលរួមកាត់បន្ថយការនាំចូលផលិតសម្រេច ពីបរទេសមកកម្ពុជា តាមរយៈការជម្រុញឧស្សាហកម្ម ធុនតូចនិងមធ្យមនៅកម្ពុជា និងស្របតាមយន្តការគោលនយោបាយអភិវឌ្ឍន៌ឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ របស់រាជរដ្ឋាភិបាល ក្នុងការកែច្នៃវត្ថុធាតុដើម ពីកសិកម្ម ឱ្យក្លាយទៅជាម្ហូបអាហារ ប្រកបដោយគុណភាព បន្ថែមពីលើ ឧស្សាហកម្មកាត់ដេរ និងស្បែកជើង ទៅកាន់ទីផ្សារពិភពលោក ទាំងនៅក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។
ប៉ុន្តែដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់ថា នឹងមានផលិតផលអ្វីខ្លះក្នុងដំណាក់កាល ដំបូងទៅកាន់ទីផ្សារពិភពលោក តាមប្រព័ន្ធអនឡាញនេះ លោកឧកញ៉ា តែតាំងប៉ បានបញ្ជាក់ថា ភាគីទាំងពីរនឹងរៀបចំសិក្ខាសាលាមួយ នាថ្ងៃទី១៨ ខែមិថុនាខាងមុខនេះ ដែលនឹងបង្ហាញពីដំណើរការច្បាស់លាស់មួយក្នុងការចាប់ផ្តើម កិច្ចការនេះ ។
តាមការបញ្ជាក់របស់ លោកបណ្ឌិត សាឡេះ ឡាឈូ ហ៊ើរ៉ាណាន់ដានី ប្រធាន SRAM & WRAM បានបញ្ជាក់ថា ឆ្លងតាម បទពិសោធន៍ដោយជោគជ័យ ជាមួយប្រទេសចំនួន១២ នៅលើពិភពលោក លោករំពឹងថា ការចាប់ដៃគូជាមួយកម្ពុជា នឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ព្រោះថាអ្វីដែលទីផ្សារពិភពលោក មិនមាននោះ គឺនៅកម្ពុជាមាន ថែមទាំងល្អ និងសម្បូរទៀតផង។ លោកបញ្ជាក់ទៀតថា លោកបានសិក្សាច្រើនឆ្នាំ ពីសក្កដានុពល វិស័យកសិកម្ម នៅកម្ពុជា ប៉ុន្តែអ្វីដែលកម្ពុជាខ្វះខាត គឺជំនាញក្នុងការធ្វើឱ្យផលិតកម្ម កសិកម្ម ឱ្យដើរទៅមុខបានលឿន។ ដូច្នេះ តាមរយៈនេះ លោកនឹងបង្កើតឱ្យមានមជ្ឈមណ្ឌលមួយ ផ្តល់ចំណេះដឹងដល់អ្នកកសិកម្ម អោយបានដឹងពីគុណតម្លៃ នៃកសិផលរបស់ខ្លួន សម្រាប់ការកែច្នៃ និងបំពេញតម្រូវការទីផ្សារពិភពលោក៕ (អត្ថបទ៖ ឈួន សំអាត! រូបភាព៖ ពិសិដ្ឋ) !!!