
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នេះសាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការលើសំណុំរឿង ជនជាតិអូស្រ្តាលីបង្ហោះដ្រូនដើម្បីប្រមូលព័ត៌ដែលមាន លោកសេងលាងជាចៅក្រមជំនុំជម្រះនិងលោក សៀង សុខ ជាតំណាងអយ្យការ លើករណីបុរសជនជាតិអូស្រ្តាលីឈ្មោះ Jame Ricketsonអាយុ៦៨ឆ្នាំ ជាប់ចោទពីបទបង្ហោះដ្រូន ប្រមូលផ្តុំព័ត៌មានជាអាទិ៍ដែលអាចធ្វើឲ្យអន្តរាយការការពារជាតិ ត្រូវបានប្រកាសលើកពេល ដោយសំអាងហេតុថា គ្មានមេធាវីការពារជនត្រូវចោទជាជនបរទេសរូបនេះ។
សូមបញ្ជាក់ថានៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក ពេជ្រ វិជ្ជាធរ បានចេញដីកាកោះ ឲ្យអនុរក្សពន្ធនាគារព្រៃស១ នាំខ្លួនបុរសជនជាតិអូស្រ្តាលីឈ្មោះ Jame Ricketsonអាយុ៦៨ឆ្នាំ ដែលបង្ហោះដ្រូនមកតុលាការដើម្បីបើកសវនាការពាក់ព័ន្ធជនបរទេសរូបនេះបានបង្ហោះដ្រូន ដើម្បីប្រមូលផ្តុំព័ត៌មាន កាលពីពេលកន្លងទៅ។
កាលពីរសៀល ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅតុលាការបានសម្រេចឃុំខ្លួនបុរសជនជាតិអូស្រ្តាលីរូបនេះ ដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្ន ក្រោមចោទប្រកាន់របស់លោក សៀង សុខ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ ពីបទ«ប្រមូលផ្តុំព័ត៌មានជាអាទិ៍ដែលអាចធ្វើឲ្យអន្តរាយការការពារជាតិ អំពើទទួល ឬប្រមូលផ្តុំដើម្បីផ្តល់ព័ត៌មានវិទ្យា ឬសលាកបត្រដែលអាចធ្វើឲ្យអន្តរាយ ការការពារជាតិ តាមមាត្រា៤៤៦ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា»។
គួររំលឹកថាបុរសជនជាតិអូស្រ្តាលីម្នាក់នេះ បានបង្ហោះដ្រូនពីលើអាកាសកាលពីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ តែត្រូវបានសមត្តកិច្ចនគរបាលការិយាល័យស៊ើបអង្កេតនិងអនុវត្តនិតិវិធីផែនអន្តោប្រវេសន៍ ឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ៕ ចាន់ ធឿន