
ប្រទេសឡានឆាង-មេគង្គ កំពុងបន្តសិក្សាលំអិតពីបញ្ហាប្រឈម ដែលកើតចេញពីការប្រែប្រួលអាកាសធាតុទៅទន្លេឡានឆាង-មេគង្គ ដែលធ្វើឲ្យទឹកទន្លេ កាន់តែថយចុះ ដើម្បីឈានដល់ដាក់ចេញវិធានការ និងដំណោះស្រាយចាំបាច់នានា។
នេះជាការបញ្ជាក់របស់ ឯ.ឧ បណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់អ្នកកា សែតនៅក្រោយកិច្ចប្រជុំព្រឹកម៉ិញ។
ឯ.ឧ បណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានមានប្រ សាសន៏ថា ប្រទេសឡានឆាង មេគង្គកំពុងសិក្សាពីប្រវត្តិ និងកម្រិតទឹកមេគង្គ ដើម្បីសិក្សាពីបញ្ហាប្រឈមដែលកើតឡើងដោយសារប្រែប្រួលអាកាសធាតុ ធ្វើឲ្យកម្រិតទឹកទន្លេទាបមិនធ្លាប់មាន។
ឯ.ឧ រដ្ឋមន្ត្រីប្រតិភូថា ផលប៉ះពាល់មិនមែនត្រឹមតែកម្ពុជានោះទេ គឺប្រទេសទាំង៥ផ្សេងទៀត ក៏ប្រឈមដូចគ្នា ដោយសារការប្រែប្រួលអាកាសធាតុ។
ថ្នាក់ដឹកនាំទាំង៦ នៃអនុតំបន់នេះ នឹងខិតខំប្រឹងប្រែងប្រើប្រាស់ធនធានប្រកបដោយសមធម៌ មិនថា ផ្នែកខាងលើ រឺផ្នែកខាងលើនៃទន្លេឡានឆាង មេគង្គនោះឡើយ។
អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម ឯ.ឧ ចាន់ យុត្ថា បានឲ្យដឹងថា ស្ថានភាព កំពស់ទឹកទន្លេមេគង្គ និងទន្លេសាប មានកម្រិតទាបជាងធម្មតា បើធៀបទៅនឹងបណ្តាឆ្នាំកន្លងទៅ។
កត្តាចំបងដែលបណ្តាលឲ្យទន្លេមេគង្គ និងទន្លេសាប ចុះទាបបែបនេះ គឺបណ្តាលមកពីបាតុភូតអ៊ែលនីញ៉ូ ដែលធ្វើឲ្យខ្សត់ភ្លៀងធ្លាក់ចូលក្នុងអាងផ្ទៃរងទឹកភ្លៀងមេគង្គ។
ឯ.ឧ ចាន់ យុត្ថា ពន្យល់បន្ថែមថា គិតចាប់ពីឆ្នាំ ១៩៥១មក នៅតំបន់ប៉ាស៊ីហ្វិក នាខែកក្កដា តែងតែមានបាតុភូតព្យុះ ២រឺ៣ កើតឡើង ដែលព្យុះនោះ មានឥទ្ធិពលទៅលើបាសាំងមេគង្គ រឺតំបន់ផ្ទៃរងទឹកភ្លៀងមេគង្គ តែកក្កដា ២០២០នេះ ជាលើកទី១ តាំងពី១៩៥១ ដែលមិនមានព្យុះបែបនេះ។
ដោយឡែកកត្តានៃការសាងសង់វារីអគ្គិសនីនៅផ្នែកខាងលើទន្លេមេគង្គ ដូចជាវារីអគ្គិសនីនៅចិន និងនៅប្រទេសឡាវ ក៏ជាកត្តារួមចំណែកធ្វើឲ្យអាងទន្លេមេគង្គមានកម្រិតទាបបែបនេះ។
នេះជាការបញ្ជាក់របស់ ឯ.ឧ តាន់ ណាវុធ អនុប្រធានអចិន្ត្រៃយ៏គណៈកម្មការទន្លេមេគង្គ។
សូមជម្រាបដែរថា ទឹកភ្លៀងដែលធ្លាក់ចូលអាងទន្លេមេគង្គ ប្រទេសចិន បានចូលចំណែក១៦ភាគរយ មីយ៉ាន់ម៉ា ២ភាគរយ ប្រទេសឡាវ៣៥ភាគរយ កម្ពុជា និងថៃ១៨ ភាគរយ និងប្រទេសវៀតណាមចំនួន១១ភាគរយ៕
អត្ថបទ៖ សំ វណ្ណា
រូបភាព៖ សៅ ធី