
នៅទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិតមរតតេជោសែន ភ្នំវាលចាប ខេត្តបាត់ដំបង តម្លៃជិត ២ ម៉ឺនដុល្លារ ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីបំរើវិស័យទឹកស្អាតដល់យោធា។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន បានថ្លែងនៅក្នុងពិធីនោះឱ្យថា ទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិតមរតកតេជោ សែន កន្លងមកនៅក្នុងសម័យខ្មែរឥស្សរៈគឺជាតំបន់លាក់ខ្លួនរបស់កម្លាំងចលនាតស៊ូគ្រប់ជំនាន់ប្រឆាំងជាមួយកម្លាំងរាជរដ្ឋាភិបាល ហើយក៏ជាតំបន់អនុវត្តគោលនយោបាយឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រែក្លាយតំបន់នេះទៅជាទីលានសម្រាប់ហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្សខាងវិស័យយោធា គួបផ្សំនឹងការបាញ់គ្រាប់ពិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ដែលស្ថិតនៅក្នុងភូមិសាស្ត្រភូមិកណ្តាលស្ទឹង ឃុំអណ្តើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបងផងដែរ។
ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធិ បានមានប្រសាសន៍ថា ការសម្ពោធដាក់ឱ្យដំណើររោងចក្រផលិតទឹកស្អាតភ្នំវាលចាប នៅទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិតមរតតេជោសែន ភ្នំវាលចាបនាពេលនេះថា ដោយមានការយកចិត្តទុកដាក់អំពីសុខភាពរបស់យុទ្ធជន និង ពលទាហាន ដែលកំពុងឈរ ជើងការពារព្រំដែន និងជួយស្វែងរកសុខសន្តិភាពជូនប្រទេសជាតិក្រោមការដឹកនាំដ៏ឈ្លាវវ៉ៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រហូតមកដល់បច្ចុប្បន្ននេះ យើងខ្ញុំជាមន្ត្រីរាជការ និងជាកម្លាំងជួរក្រោយ សូមធ្វើការកោតសរសើរចំពោះភក្តីភាព ភាពដ៏អង់អាចក្លាហ៊ានរបស់ពលទាហាន នាយក ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីការពារសុខសន្តិភាពជូនប្រទេស ជាតិផងដែរ។
នៅក្នុងពិធីសម្ពោធនោះ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត បានឧបត្ថម្ភបន្ថែមតាមសំណូមពរនូវ ម៉ាស៊ីនភ្លើងកម្លាំង ៤៥ គីឡូវ៉ាត់ចំនួន ១គ្រឿង សម្រាប់ប្រើប្រាស់ឱ្យប្រព្រឹត្តទឹកស្អាត និងឧបត្ថម្ភផ្ទះចំនួន ១ខ្នង ទំហំ ៥×៨ ម៉ែត្រសម្រាប់កងការពារស្នាក់នៅ និងគ្រឿងឧបភោគបរិភោគសម្ភារៈប្រើប្រាស់មួយចំនួនធំចែកជូនដល់គ្រួសារកងទ័ព និងពលទាហាននាឱកាសផងដែរ។
សូមជម្រាបជូនដែរថា រោងចក្រផលិតទឹកស្អាត ភ្នំវាលចាបនេះជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធិ និងលោកជំទាវ តាមរយៈក្រុមហ៊ុន ម៉ៃក្រូ ភូរីហ្វីខេសិន សៀងហៃ ដែលមានទឹកប្រាក់ប្រមាណជិត ២ ម៉ឺនដុល្លាសហរដ្ឋអាមេរិច សម្រាប់ពលទាហាន នាយទាហាន ប្រើប្រាស់នៅក្នុងទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិតមរតកតេជោ សែននេះផងដែរ៕
ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង