
(ខេត្តបន្ទាយមានជ័យ,ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០) ៖ មន្ត្រីនគរបាលម្នាក់នៅប៉ុស្តិ៍រដ្ឋបាលសង្កាត់និមិត្តក្រុងប៉ោយប៉ែតត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពបាញ់រះ ក្នុងចេតនាសម្លាប់ជនរងគ្រោះបណ្ដាលឱ្យយុវជនម្នាក់ធ្លាយពោះរងរបួសធ្ងន់ធ្ងរ កាលពីវេលាម៉ោងប្រមាណ១០យប់ ថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២០ នៅចំណុចក្បែរប៉ុស្តិ៍រដ្ឋបាល។
លោក សិទ្ធិ ឡោះ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ទទួលផែនព្រហ្មទណ្ឌបានឱ្យដឹងថា ខ្មាន់កាំភ្លើងជាជនដៃដល់មានឈ្មោះ រិទ្ធី ពិសិដ្ឋ ជាមន្ត្រីនគរបាលនៃប៉ុស្តិ៍រដ្ឋបាលនិមិត្ត ក្រុងប៉ោយប៉ែតជំនាន់ថ្មី បច្ចុប្បន្នកំពុងស្ថិតក្រោមការសួរនាំពីសំណាក់មន្ត្រីជំនាញនៃការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់។ ចំណែកជនរងគ្រោះមានឈ្មោះ នាង មករា ភេទប្រុស អាយុ២១ឆ្នាំ ។
ម្តាយជនរងគ្រោះ បានឱ្យដឹងថា នៅវេលាម៉ោងជាង១០យប់ មានមន្ត្រីនគរបាល ២នាក់ បានដើរតម្រង់មក បាញ់កូនរបស់គាត់បណ្តាលឱ្យធ្លាយពោះដោយគាត់ក៏ពុំដឹងពីមូលហេតុអ្វីទេ។គ្រានោះគាត់ក៏បានដឹកកូនទៅកាន់មន្ទីរពេទ្យឯកជននៅខេត្តបន្ទាយមានជ័យ ។ ឯលោកនាយប៉ុស្តិ៍ សង្កាត់និមិត្ត ក៏បានឱ្យដឹងដែរថា ករណីនេះលោកបានរាយការណ៍ និងបញ្ជូនរបាយការណ៍ ជូនទៅលោកស្នងការរួចហើយ។
ទាក់ទិនការបាញ់សម្លាប់មនុស្ស នេះប្រភពព័ត៌មាន ខ្លះបានទម្លាយឱ្យដឹងថា សំណុំរឿងនេះមិនត្រូវបានបញ្ជូនទៅកាន់អយ្យការសាលាដំបូងខេត្តនោះទេ ដោយថាជនដៃដល់ជាមន្ត្រីនគរបាលនោះជាកូនរបស់លោកផ្កាយបីដ៏មានឥទ្ធិពលម្នាក់នៅក្នុងក្រសួងមហាផ្ទៃដែលទើបចូលនិវត្តន៍។
ប្រភពបានបន្តទៀតថា
មន្ត្រីនគរបាលរូបនោះ ត្រូវបានគេកែសំណុំរឿងឱ្យមានភាពធូរស្រាលដែលអាចដោះលែងឱ្យមានសេរីភាពឬក៏ពិន័យរដ្ឋបាលអង្គភាព តាមរយៈអង្គហេតុបាញ់ការពារខ្លួន។យោងលើអង្គហេតុនេះ និងប្រភពបែកធ្លាយករណីរត់ការ ចរចាជាមួយជនរងគ្រោះក្រៅប្រព័ន្ធតុលាការ ជនដៃដល់ហាក់មានសង្ឃឹមច្រើនក្នុងការដោះលែង ដោយលើកលែងការចោទប្រកាន់ពីអយ្យការ។
មហាជនកំពុងរង់ចាំមើលថាតើវាសនាមន្ត្រីនគរបាលដៃដល់បាញ់បោះសេរី ដែលអាងឥទ្ធិពលពីឪពុកជាអគ្គរងនៃក្រសួងមហាផ្ទៃដែលចូលនិវត្តន៍ហើយ អាចជួយកូនប្រុសម្នាក់នេះបានឬយ៉ាងណា ? ចំណែកជនរងគ្រោះដែលកំពុងសម្រាកព្យាបាលរបួសក្នុងមន្ទីរពេទ្យ អាចទទួលបានយុត្តិធម៌ដែរឬទេ។
ទោះជាមានករណីរត់ការក៏ដោយ ក៏មិនអាចកែសំណុំរឿងពីបទល្មើសបាញ់សម្លាប់ជនរងគ្រោះ មកជាជាការប្រើសិទ្ធិបាញ់ការពារខ្លួនបានឡើយ ខណៈខ្មាន់កាំភ្លើងមានចេតនាទុច្ចរិតប្រព្រឹត្តបទឧក្រិដ្ឋ ដើរតម្រង់មកបាញ់ជនរងគ្រោះតែម្តង ។
យ៉ាងនេះក្ដី នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ទទួលផែនព្រហ្មទណ្ឌលោក សិទ្ធិ ឡោះ បានឱ្យ ដឹងតាមទូរស័ព្ទថា៖ ចំពោះជនសង្ស័យជាមន្ត្រីនគរបាល បច្ចុប្បន្នកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការនៅព្រឹកស្អែក។
លោកថា មិនមានករណីដោះលែងឡើយ ព្រោះជាបទល្មើសព្រហ្មទណ្ឌ និងបន្តស្រាវជ្រាវបន្ថែមទៀតតាមនីតិវិធី៕ដោយ៖ នីម វណ្ណា(កែសម្រួលដោយ មណ្ឌល កែវ)


