
កំពង់ស្ពឺ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុភ្លាមៗខណៈដែលជិះម៉ូតូម្នាក់ឯង ហើយត្រូវបានរថយន្តទួរីស បើកលឿនវ៉ាគេឯងជ្រុលទៅបុកម៉ូតូចំពីមុខយ៉ាងពេញទំហឹងបណ្តាលអោយអូសជាច្រើនម៉ែត្រ អ្នកបើកបរបានរត់គេច ខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង០៤និង៤៥នាទីរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិ លេខ១៤៤០ ស្ថិតនៅក្នុងភូមិរលួស សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
តាមសម្តីរបស់មន្ត្រីនគរបាលចរាចរណ៍ខេត្តកំពង់ស្ពឺបាននិយាយអោយដឹងថា បុរសរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ពែល ភា អាយុ៣៣ឆ្នាំ ជាជាងជួសជុលរថយន្ត រស់នៅក្នុងភូមិពេជ្រសង្វា ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជិះម៉ូតូ ១គ្រឿងម៉ាក ស៊ុយសាគីនិក ពណ៌សគ្មានស្លាកលេខ។ចំណែករថយន្តបង្កហេតុជាប្រភេទរថយន្តទួរីសម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ កំពង់ 2A2596 អ្នកបើកបររត់គេចខ្លួនបាត់ស្រមោល ប៉ុន្តែគេស្គាល់ឈ្មោះ វែង (ជាប្តី) ហើយ ប្រពន្ធមានឈ្មោះ ភន អាយុជាង៤០ឆ្នាំ រស់នៅក្នុងភូមិក្រាំងស្លែង ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
បើតាមសម្តីរបស់ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាននិយាយប្រាប់នគរបាលជំនាញអោយដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសខាងលើជិះម៉ូតូម្នាក់ឯងតាមបណ្តោយផ្លូវជាតិលេខ១៤៤០ ក្នុងទិសដៅពីទិសខាងជើងទៅត្បូងលុះធ្វើ ដំណើរមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តទួរីស បើកលឿនបញ្ច្រាស់ទិសបុកចំពីមុខយ៉ាងពេញទំហឹង បណ្តាលអោយបុរសខាងលើស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ពេលឃើញដូចនោះអ្នកបើកបររថយន្តព្រមទាំងប្រពន្ធ រួមដំណើរជាមួយបានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តបង្កហេតុ។
ក្រោយកើតហេតុនគរបាលជំនាញបានចុះធ្វើការវាស់វែង ប្រគល់សពអោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។
ចំណែករថយន្តបង្កហេតុនិងម៉ូតូជនរងគ្រោះត្រូវបាននគរបាលដឹកអូសយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕ អ៊ុ ណូន