
ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តទាំងស្រវឹងស្រាឡើងទន់ខ្លួន បានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងបាក់អស់២កង់ នៅវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវព្រះនរោត្ដម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តបង្កម៉ាក លុចសុីស RX300 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AD-4495 ដែលបើកបរដោយបុរសម្នាក់ជាជនជាតិខ្មែរ តែមិនស្គាល់អត្តសញ្ញាណ ហើយស្រវឹងស្រាឡើងទន់ខ្លួន បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យរបាំងថ្មដាច់ចេញ ពីគ្នាចំនួន២កង់ រងការខូចខាត។ ចំណែកឯរថយន្តបង្កបានខូចខាតកាងខាងមុខ ផ្នែកខាងឆ្វេង ទៅមុខបានប្រហែល ៥០ម៉ែត្រ ក៏កល់ជាប់និងឃឿនផ្លូវទៅមុខលេងរួច ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែង យករថយន្ត បង្កទៅរក្សាទុកខាងការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ៕ សុខ ស៊ីថា