
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានជួបសំណេះសំណាលជាមួយ លោក ប៊ុន យីម នាយកប្រតិបត្តិនៃធនាគារ CIMB ឯកឧត្តម ឈិត បូរ៉ាវុធ មេធាវីប្រចាំអាជ្ញាធរជាតិអប្សរា និងសហការី ដើម្បីពិភាក្សាពីការចូលរួមស្តារគម្របព្រៃឈើនៅរមណីយដ្ឋានអង្គរ។
លោក ប៊ុន យីម បានលើកឡើងថា ដោយបានឃើញពីសកម្មភាពយ៉ាងសកម្មរបស់អាជ្ញាធរជាតិអប្សរាក្នុងការលើកកម្ពស់គម្របព្រៃឈើដើម្បីបរិស្ថាន និងការអភិរក្សប្រាង្គប្រាសាទ ធនាគារ CIMB មានបំណងចូលរួមជាមួយអាជ្ញា ធរជាតិអប្សរាក្នុងការដាំដើមឈើដើម្បីទុកជាម្លប់ ជាកេរតំណែលសម្រាប់មនុស្សជំនាន់ក្រោយ។
ជាកិច្ចឆ្លើយតប លោក ឡុង កុសល បានសម្តែងសេចក្តីរីករាយចំពោះធនាគារ CIMB ដែលបានចូលរួមនិងផ្តល់តម្លៃដល់កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរា និងមានបំណងក្នុងការដាំដើមឈើក្នុងរមណីយដ្ឋានអង្គរដើម្បីបរិស្ថាននិងបេតិកភណ្ឌ។
អាជ្ញាធរជាតិអប្សរា សូមគាំទ្រទាំងស្រុងនូវការចូលរួមរបស់ធនាគារ CIMB ក៏ដូចជាស្ថាប័នឯកជនផ្សេងៗទៀតព្រោះអាជ្ញាធរជាតិអប្សរាតែងតែ បានបង្ហាញនូវជំហរចង់ឲ្យមានការចូលរួមចំណែកជាសាធារ ណពីគ្រប់មជ្ឈដ្ឋានក្នុងស្មារតីចូលរួមគិត ចូលរួមធ្វើ និងចូលរួមទទួលខុសត្រូវ។
ចំណុចទាំងនេះនឹងបង្កើនឲ្យមាន ការយល់ដឹង ស្រឡាញ់ ពីគ្រប់មជ្ឈដ្ឋានដើម្បីចូលរួមការពារនិងអភិរក្សកេរមតកដូនតាដ៏មានតម្លៃពុំអាចកាត់ថ្លៃបានសម្រាប់កូនខ្មែរគ្រប់ៗរូប៕