
សាលាដំបូងរាជធានីភ្នំពេញ នឹងត្រូវប្តូរពីទីតាំងចាស់ដែលស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា ទៅទីតាំងថ្មីនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ក្នុងតំបន់អភិវឌ្ឍន៍ក្រុមហ៊ុន OCIC ។
តាមរយៈលិខិតចុះថ្ងៃទី៣១ ខែសីហា របស់ទីស្តីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា ការសម្រេចនេះធ្វើឡើងតបតាមសំណើសុំជាគោលការណ៍របស់ក្រសួងយុត្តិធម៌ តាមរយៈលិខិតចុះថ្ងៃទី១៣ ខែសីហា និងចំណាររបស់នាយករដ្ឋមន្ត្រី ចុះថ្ងៃទី២៦ ខែសីហាដូចគ្នា។ អគារសាលាដំបូងរាជធានីថ្មីនេះ សាងសង់កម្ពស់ ៧ជាន់ លើផ្ទៃក្រឡាសរុបជិត ២ហិកតា(១៩៩៥៩ម៉ែត្រក្រឡា) ដែលសម្រាប់ធ្វើជាអគារសាលាដំបូងរាជធានី អយ្យការអមសាលាដំបូងរាជធានី និងអគារសាលាឧទ្ធរណ៍ភ្នំពេញ។
ក្នុងលិខិតដដែល បញ្ជាក់ថា ៖ «ដោះដូរទីតាំងចាស់របស់សាលាដំបូងរាជធានីភ្នំពេញ និងអយ្យការសាលាដំបូងរាជធានីភ្នំពេញ ដែលមានផ្ទៃដីទំហំ ១ ៧៥៦ម៉ែត្រក្រឡាស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា ជាថ្នូរនឹងការសាងសង់អគារសាលាយុត្តិធម៌ថ្មី លើដីដែលទទួលបានពីរាជរដ្ឋាភិបាល ទំហំ៩ ៤៥៦ម៉ែត្រក្រឡា ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ OCIC សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ដោយអនុវត្តស្របតាមគោលការណ៍ឯកជនភាវូបនីយកម្ម»។
ក្នុងលិខិត បន្តថា ដើម្បីធានាដំណើរការនៃការសាងសង់អគារយុត្តិធម៌ថ្មីមួយនេះ រដ្ឋាភិបាលបានអនុញ្ញាតឱ្យផ្ទេរកម្មសិទ្ធិទីតាំងដីសាលាដំបូង ជូនក្រុមហ៊ុនសាងសង់ដោយពន្ធប្រថាប់ត្រាជាបន្ទុករបស់រដ្ឋ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានឆ្លើយនឹងសំណួររបស់អ្នកយកព័ត៌មាន ដោយសុំមិនពន្យល់បន្ថែម លើការស្នើសុំគោលការណ៍ដោះដូរនោះ មកពីទីតាំងចាស់មានបញ្ហាអ្វីជាចម្បងអ្វី ត្រូវប្តូរនៅពេលណា និងថាការដោះដូរនោះមានការដាក់ដេញថ្លៃជាសាធារណៈ ឬក៏អត់យ៉ាងណានោះទេ ដោយលោកថា «អាចទាក់ទងទៅទីស្តីការគណៈរដ្ឋមន្ត្រី ឬស្ថាប័នសាម៉ីដែលនឹងត្រូវផ្លាស់ប្តូរ»៕
sam ang