
រាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើទំនើបកម្មហេដ្ឋារចនា សម្ព័ន្ធដឹកជញ្ជូន និងគ្រោងបង្កើតមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ដើម្បីសម្រេចបាននូវផែនការអភិវឌ្ឍន៍ជាតិ និងប្រែក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
នេះជាការបញ្ជាក់របស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូននៅក្នុងកិច្ចប្រជុំពិភាក្សាស្ដីពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសិង្ហបុរី ក្នុងការអភិវឌ្ឍគម្រោងមជ្ឈមណ្ឌលភស្ដុភារកម្មភ្នំពេញ និងចរចាកិច្ចព្រមព្រៀងជាមួយរដ្ឋមន្ត្រីអមខុទ្ធកាល័យនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទី២ទទួលបន្ទុកការអភិវឌ្ឍនិងហិរញ្ញវត្ថុសិង្ហបុរី ហេដ្ឋរចនាសម្ព័ន្ធអាស៊ី និងក្រុមហ៊ុន YCH។
តាមរយៈសន្និសីទវីដេអូពីចម្ងាយ និងមានគោលបំណងដើម្បីបង្ហាញទិដ្ឋភាពទូទៅអំពីគម្រោង SuperPort+ ដែលឆ្លើយតបនឹងតម្រូវការរបស់មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ និងពង្រឹងសមត្ថភាពដឹកជញ្ជូននិងខ្សែសង្វាក់ផ្គត់ផ្គង់របស់កម្ពុជា កំណត់លទ្ធផលនិងគោល ដៅសំខាន់ៗដែលត្រូវសម្រេចឱ្យបានតាមរយៈការអនុវត្តគម្រោង Phnom Penh SuperPort+ កំណត់ជំហ៊ានបន្តបន្ទាប់ក្នុងការអភិវឌ្ឍកិច្ចព្រមព្រៀងក្របខណ្ឌរវាងក្រសួងសាធារណការ និងដឹក ជញ្ជូន ក្រុមហ៊ុនYCH និងហេដ្ឋារចនាសម្ព័ន្ធអាស៊ី នឹងកំណត់ជនបង្គោលដើម្បីគាំទ្រគម្រោង, ស្វែងរកដៃគូរអភិវឌ្ឍក្នុងស្រុក កំណត់គោលនយោបាយ និងការប្ដេជ្ញារបស់រាជ រដ្ឋាភិបាលក្នុងការគាំទ្រគម្រោងនេះ។
ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបង្ហាញថា មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យរបស់ខ្លួនក្នុងការអភិវឌ្ឍកម្ពុជា ទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ ។
ដើម្បីឱ្យសម្រេចបាននូវផែនការអភិវឌ្ឍន៍ជាតិនេះ រាជ រដ្ឋាភិបាល បាននឹងកំពុងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងគ្រោងបង្កើតមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យខាងលើ។ក្រសួងក៏ដូចជារាជរដ្ឋាភិបាលចង់ឃើញកម្ពុជាជាទីផ្សារ និងមជ្ឈមណ្ឌលភស្តុភារកម្មបម្រើឱ្យវិស័យដឹកជញ្ជូនដល់ប្រទេសក្នុងតំបន់ជាពិសេសប្រទេសថៃ វៀតណាម ឡាវ និងភូមាជាដើម។
ឯកឧត្ដមទេសរដ្ឋមន្ត្រីបានលើក ឡើងថា មជ្ឈមណ្ឌលភស្តុ ភារកម្មភ្នំពេញត្រូវបានកំណត់ជាផែនការយុទ្ធ សាស្ត្រទាំងក្នុងផែនការមេភស្តុភារកម្ម និងផែនការមេអន្តរកាលស្ដីពីការ តភ្ជាប់ប្រពន្ធ័ដឹកជញ្ជូនពហុមធ្យោ បាយនិងភស្ដុភារកម្ម ដែលផែនការយុទុ្ធសាស្ត្រនេះបង្ហាញពីការតភ្ជាប់រវាងផ្លូវគោក ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស សំដៅធានាបាននូវខ្សែសង្វាក់ដឹកជញ្ជូនប្រកបដោយភាពរលូន និងមានប្រសិទ្ធ ភាព។
ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបន្តថា កម្ពុជាបានកំពុងសាង សង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងហេដ្ឋា រចនា សម្ព័ន្ធដទៃទៀតដែលជាឆ្អឹងខ្នងសម្រាប់គាំទ្រគម្រោងមជ្ឈ មណ្ឌលភស្តុភារកម្មកភ្នំពេញ៕