
ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ (១៦ -១៨ កញ្ញា) មានហេតុការណ៍អគ្គិភ័យកើតឡើងចំនួន ៨លើក បង្កការឆាបឆេះខូចខាតទ្រព្យសម្បតិ្តមួយចំនួនធំ ប៉ុន្តែមិនបានបណ្តាលឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ ឬស្លាប់នោះទេ។
យោងតាមរបាយការណ៍របស់ នាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងនៅថ្ងៃទី២០ ខែកញ្ញា នេះថា ក្នុងគ្រោះអគ្គិភ័យទាំងនោះ រួមមាន ៖ ខេត្តព្រៃវែង កើតឡើង ១លើក, ខេត្តកណ្តាល ១លើក, ខេត្តសៀមរាប ១លើក, ខេត្តកំពង់ចាម ១លើក, ខេត្តត្បូងឃ្មុំ ១លើក, ខេត្តព្រះវិហារ ២លើក និងខេត្តតាកែវ ១លើក។
តាមរបាយការណ៍ដដែលបង្ហាញថា ការឆាបឆេះទាំងនោះ គឺបង្កឡើងដោយសារការឆ្លងចរន្តអគ្គិសនី និងការប្រើប្រាស់ភ្លើង។ ការឆាប ឆេះទាំងនោះ បានបំផ្លិចបំផ្លាញ លំនៅឋានប្រជាពលរដ្ឋចំនួន ៥ខ្នង , កុដិលោក ១ខ្នង, សាលាឆាន់ ១ខ្នង, យានដ្ឋាន ១កន្លែង។
ដោយឡែកការឆាបឆេះមួយដែលបានកើតឡើងនៅក្នុងផ្សារសំរោងយ៉ោង ខេត្តតាកែវ នៅក្នុងថ្ងៃទី១៧កញ្ញា បានបំផ្លិចបំផ្លាញតូបលក់ដូរក្នុងផ្សារអស់ចំនួន២៣០តូបក្នុងចំណោមតូបសរុប ដែលមានចំនួន ២៨៣តូប៕
សំអាង
