
(ខេត្តកំពង់ឆ្នាំង,ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០)៖ មន្ត្រីយោធាម្នាក់បានស្លាប់ដោយ សារធ្លាក់ចូលទឹកស្រះ ខណៈដែលព្យាយាម ចូលរួមដេញចាប់ក្រុមចោរ ស្រីប្រុស២នាក់ ដែលបានធ្វើសកម្មភាពកាច់ ក លួចយកម៉ូតូគេមួយគ្រឿង។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ៣ រសៀល ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២០ នៅចំណុចមាត់ទន្លេ ក្នុងភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ។ យ៉ាងនេះក្តីក្រុមចោរស្រីប្រុសទាំង២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចសហការជាមួយប្រជាការពារ និងប្រជាពលរដ្ឋស្ទាក់ចាប់បាន ដើម្បីកសាងសំណុំរឿងតាមផ្លូវច្បាប់ ។
តាមការបញ្ជាក់ពីអធិការនគរបាលស្រុកកំពង់ត្រឡាច លោក នន ស៊ីណាត បានឱ្យដឹងថា៖ មន្ត្រីយោធាដែលទទួលគ្រោះថ្នាក់ រហូតបាត់បង់ជីវិត មានឈ្មោះ សាយ វិសាល ភេទប្រុស អាយុ ១៨ ឆ្នាំ ជាទាហានវរៈ៣ កងពលតូចអន្តរាគមន៍លេខ១លង្វែក មានទីលំនៅស្រុកសាមគ្គីមានជ័យ ។
ចំណែកជនដៃដល់ទាំង២នាក់ម្នាក់ឈ្មោះសេន ឡឹប ភេទប្រុស អាយុ ៣៤ ឆ្នាំ រស់នៅភូមិកញ្ជោង ឃុំច្រេស ស្រុកកំពង់ត្រឡាច និងម្នាក់ទៀត ឈ្មោះ សេង ពេជ្រ ភេទស្រី អាយុ ៣៥ ឆ្នាំ រស់នៅស្រុកពញាឮ ខេត្តកណ្តាល ។
លោក អធិការនគរបាលស្រុកកកំពង់ត្រឡាច បានបន្តថា ករណីនេះកើតឡើងនៅហាងលក់គ្រឿងក្លែមរបស់ឈ្មោះឡាន មានករណីលួចកាច់ ក យកម៉ូតូមួយគ្រឿងជារបស់ឈ្មោះ សាំង សុភ័ក្រ ភេទប្រុស អាយុ២៤ ឆ្នាំ មានទីលំនៅភូមិដំណាក់អំពិល ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ហើយក៏មានការឆោឡោឡើង ។
ភ្លាមនោះ លោកក៏បានបញ្ជាតាមវិទ្យុទាក់ទង ដល់សមត្ថកិច្ចនគរបាល ប៉ុស្តិ៍រដ្ឋបាល សហការជាមួយប្រជាការពារ ដើម្បីអន្តរាគមន៍ស្ទាក់ចាប់មុខសញ្ញា។
ជាមួយគ្នានោះដែរ មន្ត្រីយោធាម្នាក់ឈ្មោះ សាយ វិសាល ដែលនៅជិតកន្លែងកើតហេតុ បានឃើញសកម្មភាពនេះ ក៏ចូលរូមដេញចាប់ជនដៃដល់និងគេដែរ ។
លោកអធិការបានបន្តថា៖ ដោយសារភ្លៀងរលឹម ធ្វើឱ្យស្ថានភាពផ្លូវរអិល ជនដៃដល់ទាំង២នាក់ មិនអាចបើកម៉ូតូលឿនបានទេ ពេលមកដល់ពាក់កណ្តាលផ្លូវជួបនិងសមត្ថកិច្ចដែលកំពង់ស្ទាក់ចាប់ ជនល្មើស បានផ្តួលម៉ូតូបំណងរត់គេចខ្លួន ប៉ុន្តែត្រូវបានសមត្ថកិច្ចចាប់បានម្នាក់ជាមនុស្សស្រី ចំណែកជនដៃដល់ជាមនុសុ្សប្រុស បានរត់គេចខ្លួនបន្ត ហើយត្រូវកម្លាំងសមត្ថកិច្ចដេញចាប់បន្តដែរ ។
តែប្រការគួរសោកស្តាយ ក្នុងពេលដែលសមត្ថកិច្ចបន្តដេញចាប់ខ្លូនជនដៃដល់ម្នាក់ទៀត ស្រាប់តែមន្ត្រីយោធា ដែលចូលរួមសកម្មភាពដេញចាប់ចោរនោះដែរ បានរអិលធ្លាក់ចូលទឹកស្រះមានជម្រៅជ្រៅបណ្តាលឱ្យលង់ទឹកស្លាប់តែម្តង
( មិនចេះហែលទឹក) ។
ចំណែកជនដៃដល់ម្នាក់ទៀត ដែលព្យាយាមរត់គេចខ្លួន ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានដែរ ។
ជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាងមានម៉ូតូ១គ្រឿង និង ដែកអក្សរ តេ សម្រាប់ធ្វើសកម្មភាព កាច់ក ម៉ូតូ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីបន្តនិតិវិធី ។
ដោយឡែក មន្ត្រីយោធារងគ្រោះក្នុងហេតុការជួយដេញចាប់ជនដៃដល់បានបញ្ជូនទៅក្រុមគ្រូសារធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ពៅ សុខហ៊ាន(កែសម្រួលដោយ មណ្ឌល កែវ)









