
វិស័យអប់រំនៅកម្ពុជា គឺជាវិស័យមួយដែលរងផលប៉ះពាល់ដោយការរាតត្បាត នៃជំងឺកូវីដ-១៩ យ៉ាងខ្លាំងដល់បុគ្គលិកសិក្សាប្រមាណជាង ១១ម៉ឺននាក់។ នេះបើតាមការអះអាងរបស់មន្ត្រីអង្គការយូណេស្កូ។
យោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីម្សិលមិញ មន្ត្រីយូណេស្កូ បាននិយាយថា មេរោគកូវីដ- ១៩ បានបង្កការប៉ះពាល់ដល់អ្នកសិក្សាជិត ១,៦ ពាន់លាននាក់ និងបុគ្គលិកសិក្សាគ្រប់កម្រិតតាំងពី គ្រូបឋមដល់អនុវិទ្យាល័យចំនួន ៦៣ លាននាក់នៅក្នុងប្រទេសជាង ១៩០ រួមទាំងប្រទេសកម្ពុជា ផងដែរ។
អង្គការយូណេស្កូ បានអះអាងថា សម្រាប់ប្រទេសកម្ពុជាតែមួយ មានបុគ្គលិកសិក្សាចំនួន ១១៣ ០០០ នាក់ ក្នុងនោះមានគ្រូចំនួន ៩៣ ២២៥ នាក់ បានរងគ្រោះ។
បន្ទាប់ពីការបិទសាលារៀនកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ និងការចាប់ផ្តើមកម្មវិធីអប់រំពីចម្ងាយរបស់ក្រសួង អប់រំ យុវជន និងកីឡា គ្រូបង្រៀននៅកម្ពុជាបានក្លាយជាអ្នកដែលកំពុងតែប្រឈមនឹងបញ្ហា។
ក្នុងរយៈពេលខ្លីបំផុត គ្រូបង្រៀនដែលជាបុគ្គលិកជួរមុខនៃវិស័យអប់រំ ត្រូវប្រកាន់ខ្ជាប់នូវវិធីសាស្រ្តថ្មី នៃការបង្រៀន និងការរៀនសូត្រដោយដាក់បញ្ចូលវិធីសាស្រ្តរៀនពីចម្ងាយទៅក្នុងការអនុវត្តការងារអប់រំរបស់ពួកគេ និងការចុះទៅដល់ផ្ទះរបស់សិស្សដើម្បីធានាថាពួកគេនឹងអាចបន្តការសិក្សាបាន ។
ក្នុងបរិបទនេះ ក្រសួងអប់រំ បានផ្តល់អាទិភាពខ្ពស់ដល់លោកគ្រូ និងអ្នកគ្រួដែលមានសមត្ថភាពខ្ពស់ និងលើកកម្លាំងចិត្តដល់ពូកគាត់ ក្នុងការលើកកម្ពស់គុណភាព នៃការបង្រៀន និងការរៀនសូត្រ ។
ក្រសួងអប់រំ ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីភាពជាដៃគូ និងកម្មវិធីអភិវឌ្ឍន៍សមត្ថភាពសម្រាប់ការអប់រំ មួយចំនួន បានកំពុងតែយកចិត្តទុកដាក់លើកកម្ពស់វិស័យនេះ ហើយជាពិសេសដោយមានការគាំទ្រ ផ្នែកបច្ចេកទេសពីអង្គការយូណេស្កូ កម្ពុជាកំពុងតែអនុវត្តនូវគំនិតផ្តួចផ្តើមផ្តោតលើកម្មវិធីមួយចំនួនដើម្បីជួយគ្រូបង្រៀន និង វិស័យអប់រំនៅកម្ពុជា៕