
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រ កាសច្រានចោលជាថ្មីម្តងទៀតថា កំពង់ផែយោធារាម មិនត្រូវបានប្រគល់ទៅឲ្យចិនគ្រប់គ្រងនោះឡើយ។
កំពង់ផែយោធារបស់កម្ពុជា មិនមែនជាកំពង់ផែអន្តរជាតិសម្រាប់ដឹកទំនិញចេញចូលនោះទេ ហើយប្រសិនបើប្រទេសណាមួយចង់ចូលចត នៅកំពង់ផែយោធានេះ គឺត្រូវស្នើសុំការអនុញ្ញាតពីកម្ពុជាជាមុនសិន។ នេះជាការ បញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកក្កដា ពីស្រុកកៀនស្វាយ ខេត្តកណ្តាល។ សម្តេចតេជោ ហ៊ុន សែន បានច្រាលចោលការចោទប្រកាន់ជាបន្តបន្ទាប់ថា កម្ពុជាបានប្រគល់មូលដ្ឋានទ័ពជើងទឹករាមឱ្យទៅចិនគ្រប់គ្រង។
ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ និងក្រុមការ ងារ បច្ចេកទេសស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ កាលពីខែមិថុនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់រួចហើយថា កម្ពុជាជាប្រទេសឯករាជ្យ និងអធិបតេយ្យភាព កម្ពុជាមិនចូលរួមជាមួយអ្នកនេះប្រឆាំងជាមួយអ្នកនោះ មិនអនុញ្ញាឱ្យមានទីតាំងយោធាបរទេសនៅក្នុងទីតាំងទឹកដីរបស់ខ្លួន ហើយក៏មិនបោះទីតាំងយោធារបស់យើងលើទឹកដីបរទេស លើកលែងតែក្រោមឆ័ត្រអង្គ ការសហប្រជាជាតិ៕
សំ វណ្ណា

