
(ខេត្តពោធិ៍សាត់,ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០)៖ យុវតីម្នាក់បានរអិលជើងធ្លាក់ប្រឡាយលង់ទឹកស្លាប់ ក្នុងអំឡុងជំនន់ទឹកភ្លៀង ហើយត្រូវបានអាជ្ញាធរសង្កាត់ ក្រុមការងារ និងកងកម្លាំងក្នុងមូលដ្ឋាន សហការជាមួយពលរដ្ឋ រុករកឃើញសាកសព កាលពីវេលាម៉ោង០៧ និង១៥នាទីយប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ស្ថិតក្នុងភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
លោក យឹម ស៊ាងហៃ អធិការនគរបាលក្រុងពោធិ៍សាត់ បានឱ្យដឹងថា សាកសពយុវតីរងគ្រោះ មានឈ្មោះ សុង រក្សា ភេទស្រី អាយុ២១ឆ្នាំ ជាអតីតនិស្សិតនៅវិទ្យាស្ថានពហុបច្ចេកទេសពោធិ៍សាត់ ជំនាញអគ្គិសនី ប៉ុន្តែសព្វថ្ងៃបានផ្ទេរការសិក្សា មករៀននៅសាកលវិទ្យាល័យអង្គរខេមរា សាខាខេត្តពោធិ៍សាត់ ជំនាញគណនេយ្យវិញ ។
ប្រភពពីសមត្ថកិច្ចបានបន្តថា នាវេលាម៉ោង ០៤ និង០០នាទីល្ងាច ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ មានករណីលង់ទឹកស្លាប់ ដោយសារយុវតីរងគ្រោះនេះ ដើរ
បណ្តើរមើលទូរស័ព្ទបណ្តើរ មិនបានមើលទៅខាងមុខ បណ្តាលឱ្យខុសផ្លូវ ធ្លាក់ចូលប្រឡាយលង់ទឹកស្លាប់តែម្តង។ សាកសព ក្រោយពីបានរកឃើញ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។
សូមបញ្ជាក់ថា នេះជាករណីទី១ហើយ បន្ទាប់ពីខេត្តពោធិ៍សាត់ បាននឹងកំពុងទទួលរងសម្ពាធយ៉ាងធ្ងន់ធ្ងរ ពីជំនន់ទឹកភ្លៀង។ ជាមួយគ្នានោះ អាជ្ញាធរមានសមត្ថកិច្ច បានអំពាវនាវយ៉ាងទទួច ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងត្រៀម
ជម្លៀសប្រជាពលរដ្ឋទៅរកទីទួលមានសុវត្ថិភាពជាមុន ជៀសវាងគ្រោះអាសន្នមកដល់ ជួបនូវការលំបាកក្នុងការដឹកជញ្ជូន៕
ដោយ៖រំដួល (កែសម្រួលដោយ មណ្ឌល កែវ)






