
គម្រោងទារកដ្ឋានសហគមន៏ សម្រាប់កម្មករ កម្មការិនីរោងចក្រ ត្រូវបានដាក់ឲ្យអនុវត្តជាផ្លូវការនៅព្រឹកម៉ិញ ដោយអង្គការពិភពកុមារ និងអភិវឌ្ឍប្រចាំកម្ពុជា គាំទ្រដោយធនាគារអភិវឌ្ឍអាស៊ី និងរដ្ឋាភិបាលជប៉ុន។ ឯ.ឧ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ថា បើគម្រោងទារក ដ្ឋាននេះជោគជ័យ ក្រសួងចង់ពង្រីកសកម្មភាពទារកដ្ឋាន ទៅជាទារកដ្ឋានរដ្ឋតែម្តង។
ថ្លែងនៅក្នុងពិធីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការគម្រោងទារកដ្ឋានប្រចាំសហគមន៏សម្រាប់កម្មករ កម្មការិនី នៅព្រឹកថ្ងៃច័ន្ទ នាសណ្ឋាគារភ្នំពេញ ឯ.ឧ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានគាំទ្រចំពោះ គម្រោងទារកដ្ឋានសហគមន៏នេះ ព្រោះវានឹងជួយដល់ឪពុកម្តាយមានពេល រកប្រាក់ចំណូល កាត់បន្ថយការលំបាករបស់ជីដូន ពិសេសការអភិវឌ្ឍ និងការលូតលាស់របស់កុមារនៃ១០០០ថ្ងៃដំបូង។ នេះជាលើកដំបូងក្នុងការថែទាំ កុមារតូចនៅក្នុងសហគមន៏ ដែលមានសារៈសំខាន់បំផុតសម្រាប់កុមារអាច ចូលរៀនរបស់កុមារនៅមតេយ្យសិក្សាបឋមសិក្សា និងមធ្យមសិក្សា សំដៅ ពង្រឹងធនធានមនុស្ស និងកាត់បន្ថ យភាពក្រីក្រនៅកម្ពុជា។
ក្រសួងអប់រំ បានខិតខំបង្កើត មតេ្តយ្យសហគមន៏ ដើម្បីបង្កើនអត្រាកុមារតូចចូលរៀនមតេយសិក្សាឲ្យបាន៧៥ភាគរយ ក្នុងរយៈពេល៥ឆ្នាំ ខាងមុខ។
លោកស្រី ណាតាលី ឌុយប៉ុន នាយិកាអង្គការពិភពកុមារ និងអភិវឌ្ឍប្រចាំកម្ពុជា មានប្រសាសន៏ថា ការបង្កើតឲ្យមានទារកដ្ឋាននេះឡើង ដើម្បីបង្កើតសេវាថែទាំកុមារតាមសហគមន៏ប្រកបដោយគុណភាព និរន្តរភាព សម្រាប់កម្មករ កម្មការិនីរោងចក្រកាត់ដេរ ធ្វើឲ្យប្រសើរឡើងលទ្ធផលការ ងារ និងកម្លាំងពលកម្ម កាត់បន្ថយការចំណាយលើការមើល ថែកុមារក្នុងគ្រួសារ និងលើកកម្ពស់ការអភិវឌ្ឍកុមារ។
លោក ស្រីបន្តថា គម្រោងនេះ នឹងធ្វើការអនុវត្តនៅខេត្តគោលដៅចំនួន៣ គឺខេត្តកំពង់ស្ពឺ កណ្តាល និងកំពង់ចាម ដោយគ្រោងបង្កើតទារកដ្ឋានឲ្យបាន២២កន្លែង។ កុមារចំនួនជាង ៦០០នាក់ និងគ្រួសារចំនួនជាង៣០០០គ្រួសារ នឹងទទួលអត្ថប្រយោជន៏ពីគម្រោងនេះ។
ឯ.ឧ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួអប់រំ បានបញ្ជាក់ដែរថា ប្រសិនបើគម្រោងទារកដ្ឋាននេះ ជោគជ័យក្រសួងអប់រំ នឹងអាចស្នើថវិកាទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធានាបាននូវនិរន្តរភាព និងពង្រីកមិនត្រឹមតែក្រុមគោលដៅកម្មករ កម្មការិនីរោងចក្រទេ តែអាចពង្រីកសម្រាប់ប្រជាជនទូទៅបាន។
ក្រសួងអប់រំ នឹងរៀបចំឲ្យមានទារកដ្ឋាននៅក្នុងក្រសួងអប់រំ យុវជន និងកីឡា និងលើកទឹកចិត្តឲ្យមានការបង្កើតទារកដ្ឋានសម្រាប់មន្ត្រីរាជការផងដែរ។
សូមជម្រាបថា គម្រោងបង្កើតទារកដ្ឋាននៅសហគមន៏នេះ អនុវត្តដោយអង្គការពិភពកុមារ និងអភិវឌ្ឍប្រចាំកម្ពុជា និងគាំទ្រដោយធនាគារអភិវឌ្ឍអាស៊ី និងរដ្ឋាភិបាលជប៉ុន។
គម្រោងនេះ មានរយៈពេល៤ឆ្នាំ ពីឆ្នាំ២០២០ ដល់ឆ្នាំ ២០២៤ ក្នុងទំហំទឹកប្រាក់២លាន ៨សែនដុល្លារអាមេរិក៕
សំ វណ្ណា




