
ក្រសួងបរិស្ថាន បានសម្ពោធដាក់ឲ្យប្រើប្រាស់រថយន្តត្រួត ពិនិត្យគុណភាពខ្យល់ ដំបូងបំផុតនៅកម្ពុជា ដែលមាន ឈ្មោះថា វិស្ណុ ត្រួតពិនិត្យគុណភាពខ្យល់ នាព្រឹកម៉ិញ នៅទីស្តីការក្រសួងបរិស្ថាន។ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រសួងនឹងប្រើរថយន្តចល័តនេះ ត្រួតពិនិត្យគុណ ភាពខ្យល់ នៅតាមតំបន់នានា ដែលសង្ស័យប៉ះពាល់គុណ ភាពខ្យល់។
ឯកឧត្តម ជា ស៊ីណា អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាននៃក្រ សួងបរិស្ថាន បានឱ្យដឹងថា នេះជាលើកទី១ ដែលក្រសួងបរិស្ថានកម្ពុជាទទួលបានរថយន្តត្រួតពិនិត្យគុណភាពខ្យល់ពីក្រសួងបរិស្ថានចិន បន្ថែមពីលើ ស្ថានីយ៏ត្រួតពិនិត្យខ្យល់ដែលមានស្រាប់ចំនួនជាង៤០កន្លែង។
ឯ.ឧ បន្តថា ក្រសួងបរិស្ថាន នឹងប្រើប្រាស់រថយន្តនេះ ដើម្បីចុះធ្វើការត្រួតពិនិត្យគុណ ភាពខ្យល់នៅតាមតំបន់ណាដែលសង្ស័យថា មានការបំពុលខ្យល់ ពិសេសនៅតាមតំបន់ព្រំដែន។ ការបំពុលខ្យល់ភាគច្រើនគឺបណ្តាលមកពីការកាប់ដុតរានព្រៃ ការដុតសំណល់កសិកម្ម ពិសេសការបំភាយផ្សែងចេញពីយានយន្ត។
ទោះយ៉ាងណាអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានយកចិត្តទុកដាក់ បង្កើនការតាមដានគុណភាពសាធារណៈ និងការកំណត់វិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់ ។
ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ថា រថយន្តបំពាក់ឧបករណ៍ស្វ័យប្រវត្តិត្រួតពិនិត្យគុណភាពខ្យល់ចល័ត ដែលមានឈ្មោះថា វិស្ណុនេះ អាចឱ្យក្រសួងមានលទ្ធភាពគ្រប់ គ្រាន់ ក្នុងការតាមដានគុណភាពខ្យល់នៅគ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ប្រមូលទិន្នន័យគុណភាពខ្យល់ផ្សព្វផ្សាយជូនដល់សាធារណៈជន ឱ្យកាន់តែមានសុក្រឹត្យភាព និងទាន់ពេលវេលា។
ដើម្បីឱ្យប្រទេសកម្ពុជា ស្អាត ឆ្លាតវៃ និងមានបរិស្ថានស្អាត គឺត្រូវមានការចូលរួមគ្នាពីគ្រប់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសប្រជាពលរដ្ឋ ធ្វើយ៉ាងណាក្នុងការទុកដាក់ និងគ្រប់គ្រងកាក សំណល់សំរាមអោយបានត្រឹមត្រូវ។
សូមជម្រាបថា មកដល់ពេលនេះក្រសួងបរិស្ថាន បានបំពាក់ឧបករណ៍តាមដានគុណភាពខ្យល់ស្វ័យប្រវត្តិនៅ តាមបណ្តារាជធានី ខេត្ត សរុបចំនួន៤៩ គ្រឿង (ភ្នំពេញមានចំនួន ១១ និងខេត្តចំនួន ២៨គ្រឿង) ហើយដែលត្រូវបន្តបំពាក់ចំនួន ៨ គ្រឿងបន្ថែម៕
វណ្ណា






