
(ខេត្តពោធិ៍សាត់,ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០)៖ បន្ទាប់ពីទទួលរង ឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ រយៈពេលជាច្រើនថ្ងៃមក ធ្វើឱ្យក្នុងភូមិសាស្ត្រក្នុងខេត្តពោធិ៍សាត់មានជំនន់ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ និងរងប៉ះពាល់ ៦ក្រុង/ស្រុក ក្នុងនោះក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង បានរងប៉ះពាល់ខ្លាំងជាងគេ បណ្តាលឱ្យលិចលង់ផ្លូវ មួយចំនួន ប៉ះពាល់ដល់លំនៅដ្ឋាន ដំណាំស្រូវ ហេដ្ឋារចនាសម្ព័ន្ធ មួយចំនួន និងបណ្តាលឱ្យបាត់បង់អាយុជីវិតមនុស្ស៦នាក់។
ដែលក្នុងនោះ មានករណីលង់ទឹកថ្មី កើតឡើងលើជនរងគ្រោះឈ្មោះ ឡៃ ស្រីមួយ ភេទស្រី អាយុ៩ឆ្នាំ និងឈ្មោះ រឹទ្ធ ម៉ូលីកា ភេទស្រី អាយុ៧ឆ្នាំ ដែលបានចុះលេងទឹកស្ទឹងលង់ស្លាប់ កាលពីថ្ងៃទី១៦ ខែតុលា រហូតដល់វេលាម៉ោង ១៦ និង៣០នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ទើបប្រទះឃើញសាកសពក្មេងស្រីម្នាក់ មានឈ្មោះ ឡៃ ស្រីមួយ កំពុងអណ្តែតក្នុងទឹកស្ទឹងនៅចំណុចចុងស្ទឹងព្រែកត្របែក ស្ថិតក្នុងភូមិព្រែកត្របែក ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ រីឯម្នាក់ទៀតមិនទាន់រកឃើញទេ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវ ជ្រាវរុករកបន្ត។
នៅថ្ងៃដដែលនេះដែរ មានករណីដើរធ្លាក់ទឹកអូរលង់ស្លាប់។ជនរងគ្រោះឈ្មោះ ទឹម គា ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកូនក្រាយ ឃុំកញ្ជរ ស្រុកកណ្ដៀង។អាជ្ញាធរ បានបញ្ជាក់ថា រហូតមកដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ ទឹក ជំនន់បានសម្លាប់ជីវិតប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ចំនួន៦ហើយ។
អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយខេត្ត ឯកឧត្តម ម៉ៅ ធនិន នាពេលថ្មីៗនេះ បានប្រ កាសថា ឯកឧត្តមជាអ្នកចេញមុខធានារ៉ាប់រងចំពោះការរៀបចំ បុណ្យសពជនរងគ្រោះ ដែលលង់ទឹកស្លាប់ ក្នុងអំឡុងជំនន់ទឹកភ្លៀង នៅខេត្តពោធិ៍សាត់។
ការប្រកាសឱ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអញ្ជើញ ចុះពិនិត្យស្ថានភាពទឹក និងទទួលអំណោយពីសប្បុរសជន ដែលបាន ចូលរួមចំណែក សម្រាប់ការងារមនុស្សធម៌ ជួយសង្គ្រោះដល់ពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង ដែលកំពុងត្រូវការស្បៀងជាចាំបាច់៕
ដោយ៖រំដួល(កែសម្រួលដោយ មណ្ឌល កែវ)

