
កំពង់ស្ពឺ ៖ នគរបាលប៉ុស្តិឃុំប្រាំបីមុមបានធ្វើការឃាត់ខ្លួនបុរសជាប្តីនិងឪពុកហេងស៊យដែលបានវាយធ្វើបាបប្រពន្ធនិងកូន កាលពីវេលាម៉ោង០៥និង៣០នាទីល្ងាច ថ្ងៃទី១៩ខែមិថុនា ឆ្នាំ២០១៨ បុរសម្នាក់ផឹកស្រាស្រវឹងទាញព្រនុងឈើវាយប្រពន្ធកូនបណ្ដាលឱ្យរងរបួសធ្ងន់ ហេតុការណ៍កើតឡើងនៅចំណុចភូមិដូនទិព្វឃុំប្រាំបីម៉ុមស្រុកថ្ពងខេត្តកំពង់ស្ពឺ ។
នគរបាលបាននិយាយអោយដឹងថា ជនសង្ស័យឈ្មោះជាប្តីមានឈ្មោះ សឿន សុន (ហៅអីក ) អាយុ៣៨ឆ្នាំ មុខរបរ ធ្វើកម្មករសំណង់ បានវាយទៅលើ ប្រពន្ធឈ្មោះ ហំ អិត អាយុ២៩ឆ្នាំ និងកូនស្រី២នាក់ បណ្តាលអោយរងរបួស រាល់ពេល ផឹកស្រាស្រវឹងម្តងៗ។
ប្រភពដដែលបានបន្តថា មុនពេលកើតហេតុបុរសជាប្តីបានទិញស្រាសចំនួនមួយលីត្រកន្លះ យកមកផឹកជាមួយឈ្មោះ ឃឹង សែម ភេទប្រុស អាយុ៤៥ឆ្នាំ និងឈ្មោះ សៅ ភេទប្រុស អាយុ២៨ឆ្នាំ នៅក្នុងភូមិ ឃុំជាមួយគ្នា។ លុះផឹកស្រារអស់ បុរសជាប្តីស្រវឹងកើតជារឿងប្រច័ណ្ឌប្រពន្ធ ជាមួយឈ្មោះ ឃឹម សែម ហើយបានវ៉ៃចានវ៉ៃឆ្នាំងបែកខ្ទេច។ ដោយឃើញសកម្មភាពបែបនេះ ប្រពន្ធបាននាំកូនមកផ្ទះម្តាយបង្កើតនៅក្បែរនោះរួច បុរសជាប្តីបានយកគល់ឈើមួយកំណាត់ប្រវែងជិតកន្លះម៉ែត្រតាមវ៉ៃប្រពន្ធដល់ផ្ទះម្តាយជនរងគ្រោះ បណ្តាលឱ្យមានរបួសធ្ងន់ធ្ងរ។ ជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យ បង្អែក ឧដុង្គ ភ្លាមៗផងដែរ ។ បន្ទាប់ពីប្តីនិងឪពុកហេងស៊យវាយធ្វើបាបនោះ ដោយទ្រាំនិងទង្វើរបស់ប្តីមិនបានក៏ប្តឹង នគរបាលអោយឃាត់ខ្លួនតែម្តង ៕ អ៊ុ ណូន