
ខេត្តកណ្តាល ៖ អ្នកធ្វើដំណើរដោយម៉ូតូម្នាក់បានស្លាប់ ខណៈដែល២នាក់ផ្សេងទៀតរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍រវាងម៉ូតូសង់កូរ៉េនឹងម៉ូតូហុងដាសេ១២៥ក្នុងទិសដៅបញ្ច្រាស់គ្នា កាលពីវេលាម៉ោងជាង៧យប់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលេខ១១០ ស្ថិតក្នុងភូមិពោធិ៍កណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្កណ្តាល។
ប៉ូលិសចរាចរណ៍ស្រុកស្អាងបានឱ្យដឹងថា ជនរងគ្រោះដែលបាត់បង់ជីវិតមានឈ្មោះ សួន សារិត ភេទប្រុស
អាយុ៣២ឆ្នាំ (ស្លាប់) មុខរបរកម្មករ (មិនពាក់មួក) បើកបរម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1U-5769 ឌុបប្រពន្ធឈ្មោះសែម ចរិយា ភេទស្រី អាយុ២៧ឆ្នាំ រងរបួសធ្ងន់ ចំណែកជនរងគ្រោះម្នាក់ទៀតឈ្មោះ តេវ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម (មិនពាក់មួក) មានទីនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល (របួសធ្ងន់) បើកបរម៉ូតូម៉ាកសង់កូរ៉េ(CT-100) ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល 1X-6492 ។
បើតាមប្រភព័ត៌មានពីសាក្សីបាននិយាយថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿងម៉ាក សង់កូរ៉េ ពណ៌ក្រហម
បើកបរតាមបណ្តោយផ្លូវលេខ១១០ មានទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏បានបុកគ្នាជាមួយម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ មានមនុស្សជិះ២នាក់ ដែលកំពុងបើកបញ្ច្រាស់ទិសគ្នាពីជើងមកត្បូង បណ្ដាលឱ្យ អ្នកបើកម៉ូតូហុងដាសេ១២៥ ស្លាប់ភ្លាមៗនៅនឹងកន្លែង រីឯអ្នករួមដំណើរជាមួយម៉ូតូសេ១២៥ និងអ្នកបើកម៉ូតូសង់កូរ៉េ រងរបួសធ្ងន់ ។
សាក្សីបន្ថែមថា ក្រោយកើតហេតុភ្លាមៗ គេឃើញសមត្ថកិច្ចជំនាញចរាចរណ៍ស្រុកស្អាង បានចុះទៅដល់ធ្វើការពិនិត្យ
និងវាស់វែងទីកន្លែងកើតហេតុ រួចក៏បានប្រគល់សាសពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួស ត្រូវបានបងប្អូនដឹកយកទៅសង្គ្រោះនៅភ្នំពេញ ចំណែកវត្ថុតាងទាំងពីរបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់ ៕ ដោយ ដាំ ជា