
(ខេត្តព្រះសីហនុ,ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០)៖ ថ្នាក់ដឹកនាំរដ្ឋបាលក្រុង ព្រះសីហនុ បានបន្តដឹកនាំអាជ្ញាធរសង្កាត់៤ និងបុគ្គលិកក្រុមហ៊ុនសំរាម KSWM ចូលរួមសហការជាមួយមន្ត្រីមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ចុះរៀបចំសណ្ដាប់ធ្នាប់ នៅតាមបណ្ដោយផ្លូវមួយចំនួន ឆ្ពោះទៅកាន់វត្តអូរត្រេះ ស្ថិតក្នុងភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ដើម្បីរក្សារបៀបរៀបរយឡើងវិញ។
មន្ត្រីរដ្ឋបាលក្រុងព្រះសីហនុ បញ្ជាក់ថា ចំពោះការសង់រោង និងតូបលក់ដូរមិនរៀបរយ ហើយបំពានលើដងផ្លូវ និងចំណីផ្លូវសាធារណៈ នៅតំបន់អូរត្រេះ បានប៉ះពាល់ដល់ការធ្វើចរាចរណ៍, បង្ករឲ្យមានគ្រោះថ្នាក់ផ្សេងៗ,
ប៉ះពាល់បរិស្ថាន ដោយសារការទុកដាក់សំរាមមិនត្រឹមត្រូវ និងប៉ះពាល់ដល់សោភ័ណភាពក្រុងទេសចរណ៍ជាប់ឆ្នេរសមុទ្រមួយនេះធ្ងន់ធ្ងរបំផុត។
នាឱកាសនោះដែរ មន្ត្រីរដ្ឋបាលក្រុងព្រះសីហនុ ក៏បានបន្តណែនាំប្រជាពលរដ្ឋ ហាមមិនឲ្យមកសង់រោង និងតូបលក់ដូរគ្មានសណ្តាប់ធ្នាប់ នៅលើចំណីផ្លូវសាធារណៈ ដែលនាំឲ្យបាត់បង់របៀបរៀបរយ ទៀតទេនាថ្ងៃខាងមុខ។
បន្ថែមលើនេះ អាជ្ញាធររដ្ឋបាលក្រុងព្រះសីហនុ ក៏បានព្រមានថា ប្រសិនបើប្រជាពលរដ្ឋទាំងឡាយណា មិនគោរពតាមបំរាម និងការណែនាំ របស់អាជ្ញាធរទេ នឹងមានចំណាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖មនោរាហ៍(កែសម្រួលដោយ មណ្ឌល កែវ)






