
(ខេត្តកំពង់ចាម,ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០): គោយន្តនិងរថយន្តមួយគ្រឿង ដឹកសំពីងសំពោងត្រូវបានឃាត់នៅចំណុចក្បាលស្ពានគីហ្សុណា១គ្រឿង និងមួយគ្រឿងទៀតនៅចំណុចទន្លេអ៊ុ ក្នុងក្រុងកំពង់ចាម បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីចាត់តាមនីតិវិធី។
មន្ត្រីនគរបាលចរាចរណ៍ក្រុងកំពង់ចាម ហើយដឹងថា:កម្លាំងនគរបាលដែលប្រចាំការនៅតាមគោលដៅ ចំនួនពីរកន្លែងបានប្រទះឃើញរថយន្តចំនួនពីរគ្រឿងបើកបរចុះពីលើស្ពានគីហ្សុណា ត្រើយខាងកើតមកខាងលិច ក្រុងកំពង់ចាម ដោយបានដឹកសំពីងសំពោងខុសពីបណ្ដារថយន្តផ្សេងទៀត សមត្ថកិច្ចក៏បានហៅសួរនាំ។
នគរបាលចរាចរណ៍ក្រុងកំពង់ចាម ប្រាប់បន្តថាក្រោយពេលជំនាញត្រួតពិនិត្យឯកសារនិងបច្ចេកទេស លទ្ធផលដូចខាងក្រោម÷
១.គោយន្តកែច្នៃបទល្មើស៖មានប័ណ្ណ បើកបរតែខុសប្រភេទយាន,គ្មានប័ណ្ណសំគាល់យាន,ដឹកទំនិញខុសបច្ចេកទេស សរុបចំនួន៣បទល្មើស។
២.រថយន្តម៉ាកនីសាន់ បទល្មើសរួមមាន៖
-គ្មានប័ណ្ណបើកបរ,គ្មានប័ណ្ណសំគាល់យានយន្ត,គ្មានសៀវភៅត្រួតពិនិត្យលក្ខណៈបច្ចេកទេស,ដឹកទំនិញ ខុសបច្ចេកទេស សរុបចំនួន៤បទល្មើស។
ទាំងគោយន្តនិងរថយន្តដឹកទំនិញសំបកដបទឹកបរិសុទ្ធដោយតម្រូវឲ្យរើលើកទំនិញចេញ ដើម្បីដាក់ឲ្យបានត្រឹមត្រូវតាមច្បាប់ដែលបានកំណត់និងចៀសវាងមិនឱ្យមានការដឹកសំពីងសំពោងតាមដងផ្លូវសាធារណៈ រួចក៏ធ្វើការផាកពិន័យដល់ម្ចាស់យានយន្តទាំងពីរគ្រឿង។
កម្មកររថយន្តដឹកសំបកជ័រផលិតដបទឹកបរិសុទ្ធប្រាប់ឲ្យដឹងថា ជ័រសម្រាប់ផលិតទឹកបរិសុទ្ធនេះត្រូវបានដឹកចេញពីប្រទេសវៀតណាមតាមច្រកម៉ឺនជ័យ ក្នុងខេត្តព្រៃវែង ដោយបានបន្តចូលដីខេត្តត្បូងឃ្មុំ រួចបានឆ្លងស្ពានគីហ្សុណា ដើម្បីយកមកដាក់និងផលិតទឹកបរិសុទ្ធមួយកន្លែងនៅក្នុងស្រុកកំពង់សៀមខេត្តកំពង់ចាម ស្របពេលដែលរថយន្តបើកមកដល់ត្រង់ចំណុចទន្លេអ៊ុ គាត់ត្រូវបានកម្លាំងនគរបាលឃាត់តែម្ដង៕
ដោយ៖ចាន់ ថេត(កែសម្រួលដោយ មណ្ឌល កែវ)
https://fb.watch/1NT2jncedP/