
ឯ.ឧ. ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំពិភាក្សាជាមួយរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៦ ព្រមទាំងដៃគូសន្ទនាផ្សេងៗ តាមរយៈវីដេអូពីចម្ងាយ ដែលដឹកនាំកិច្ចប្រជុំដោយរដ្ឋមន្ត្រីដឹកជញ្ជូនប្រទេសព្រុយណេ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសាធារណការ។
ទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ប្រទេសកម្ពុជាបានសហការជាប្រព័ន្ធ និងតាមឋានានុក្រមទាំងរដ្ឋបាលសាធារណៈនិងឯកជន រិះរកគ្រប់នីតិវិធី យន្តការ យុទ្ធសាស្ត្រ និងវិធានការ ដើម្បីការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ តាមការណែនាំរបស់អង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាលកម្ពុជា។
ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ជាលទ្ធផល កម្ពុជាគ្មានការឆ្លងរីករាលដាលក្នុងសហគមន៍ និងគ្មានប្រជាពលរដ្ឋណាម្នាក់បានស្លាប់ដោយ សារជំងឺកូវីដ-១៩ ឡើយ ហើយក៏មិនបានដាក់ប្រទេស ឬតំបន់ណាមួយក្នុងភាពមានអាសន្នផងដែរ។
ទោះជាយ៉ាងណាក្ដី កម្ពុជានៅតែប្រកាន់ខ្ជាប់នូវវិធានការការពារ ទប់ស្កាត់របស់ក្រសួងសុខាភិបាលកម្ពុជា ក៏ដូចជាវិធានការការពារ ទប់ស្កាត់របស់អង្គការសុខភាពពិភពលោកយ៉ាងម៉ឺងម៉ាត់បំផុត។
ឯ.ឧ. បានបន្ថែមថា វិបត្តិកូវីដ-១៩ មិនបានរារាំងកម្ពុជាពីការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឡើយ ជាក់ស្ដែងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងស្ពានដទៃទៀតនៅតែបន្តការសាងសង់ជាប្រក្រតី។
ប៉ុន្តែទាំងកម្មករ និងវិស្វករ ត្រូវអនុវត្តន៍តាមវិធានការការពារឱ្យបានខ្ជាប់ខ្ជួន និងបានគូសបញ្ជាក់បន្ថែមទៀតថា កម្ពុជាបានសហការជាមួយប្រទេសជិតខាងដូចជា ប្រទេសថៃ វៀតណាម និងប្រទេសឡាវ បន្តដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនរវាងគ្នាជាធម្មតា តាមរយៈការអនុវត្តវិធានការ និងយន្តការនានាដែលបានកំណត់ ដើម្បីចៀសផុតពីវិបត្តិសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិដែលបង្កឡើងដោយមេរោគកូវីដ-១៩៕
ដោយ ៖ ស.អ. (ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន)

