
ស្ថានទូតជប៉ុន និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP កាលពីម្សិលមិញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តន៍ «គម្រោងទប់ស្កាត់នឹងសំណល់ប្លាស្ទិកក្នុងសមុទ្រនៅកម្ពុជា» ក្រោមវត្តមានឯកឧត្តម សាយ សំអាលើ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
គម្រោងនេះនឹងត្រូវបានអនុវត្តដោយក្រសួងបរិស្ថាន ក្រុម ប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង UNDP ដោយមានគោលបំណងទប់ស្កាត់ និងកាត់បន្ថយឱ្យបានជាអតិបរមានូវការបំពុលដោយសំណល់ប្លាស្ទិកលើដី និងក្នុងសមុទ្រ តាម រយៈការជំរុញឱ្យមានការអនុវត្តតាមគោលការណ៍ 4Rs (កុំប្រើ-Refuse កាត់បន្ថយ-Reduce ប្រើឡើងវិញ-Reuse និងកែច្នៃយកមកប្រើប្រាស់-Recycle)។
ឯកឧត្តម Mikami Masahiro ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណា ចក្រកម្ពុជា មានប្រសាសន៍ថា «ការបំពុលប្លាស្ទិកនៅតាមសមុទ្របានក្លាយជាវិបត្តិបរិស្ថានដ៏ធំបំផុតមួយនៅក្នុងពិភពលោក។
ក្នុងកិច្ចប្រជុំកំពូលប្រទេស G20 ដែលធ្វើ ឡើងនៅទីក្រុងអូសាកា កាលពីឆ្នាំ២០១៩ រដ្ឋាភិបាលជប៉ុនបានប្រកាសអនុវត្តគំនិតផ្ដួចផ្ដើមថ្មីមួយ ដើម្បីជំរុញឱ្យមាន ការចាត់វិធានការប្រកបដោយប្រសិទ្ធភាព ប្រឆាំងទៅនឹងការបំពុលប្លាស្ទិកនៅតាមសមុទ្រ។»
ការកើនឡើងនូវសំណល់ប្លាស្ទិក បានក្លាយជាបញ្ហាប្រឈមមួយក្នុងចំ ណោមបញ្ហាប្រឈមធំៗជាងគេក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ។
សម្ភារប្រើប្រាស់ដែលធ្វើពីប្លាស្ទិកដូចជាថង់ ដប និងប្រដាប់ដាក់វត្ថុនានា បច្ចុប្បន្ននេះ មានវត្តមាននៅគ្រប់ទិសទី ក្នុងផ្ទះ ក្នុងសាលារៀន និងក្នុងកន្លែងធ្វើការរបស់យើង។ ប៉ុន្តែការប្រើប្រាស់ឥតសំចៃបែបនេះ បានបង្កនូវផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ។
បរិមាណប្លាស្ទិកសរុបក្នុងសកលលោកទាំងមូលបានកើន ឡើងដល់ ៨,៣ ពាន់លានតោន។ ជារៀងរាល់ឆ្នាំ មាន ប្លាស្ទិក ១៣ លានតោន ហូរចូលទៅក្នុងសមុទ្រ ដែលស្មើ នឹងការចាក់សំរាមមួយឡានដឹកសំរាមពេញ រៀងរាល់មួយនាទីម្ដង។ សំណល់ប្លាស្ទិកប្រមាណ ៩០% ដែលហូរចូលទៅក្នុងសមុទ្រមានប្រភពពីទន្លេធំៗចំនួន ១០ ដែលក្នុងនោះមានទន្លេមេគង្គមួយផងដែរ។
បញ្ហាធំជាងគេនោះគឺ ថង់ប្លាស្ទិកមិនងាយនឹងរលាយក្នុងដីនោះឡើយ ហើយបន្តវត្តមាននៅលើភពផែនដីរាប់រយឆ្នាំទៅមុខទៀត។
ដោយឡែកនៅក្នុងសមុទ្រវិញ មានថនិកសត្វ ត្រី និងបក្សីជាង ១ លានក្បាល ដែលរងគ្រោះថ្នាក់ ដោយ សារការលេបប្លាស្ទិកចូលទៅក្នុងពោះ ឬត្រូវរុំជាប់ជាមួយនឹងវត្ថុដែលធ្វើពីប្លាស្ទិក។ បក្សី និងត្រីជាង ៩០% មានកម្ទេចប្លាស្ទិកនៅក្នុងពោះរបស់វា។ សារធាតុគីមីពុលទាំងនេះបន្តការកើនឡើង ហើយហូរចូលទៅក្នុងរបបអាហារ និងក្នុងរាងការយរបស់មនុស្សយើង។
បច្ចុប្បន្ននេះ មានប្រទេស និងទីក្រុងជាង ១០០ ក្នុងនោះមានព្រះរាជាណាចក្រកម្ពុជាផងដែរ កំពុងដាក់ឱ្យអនុវត្តវិធានការថ្មីៗជុំវិញសំណល់ប្លាស្ទិក។ នៅកម្ពុជា ចាប់តាំងពីឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជាបានជំរុញឱ្យមានការអនុវត្តក្របខ័ណ្ឌ 4Rs ដើម្បីផ្ដល់នូវដំណោះស្រាយចំពោះបញ្ហាប្លាស្ទិកនៅក្នុងប្រទេស ដូចជា ការចេញនូវអនុក្រឹត្យ ដើម្បីគិតថ្លៃសេវាបន្ថែមលើការប្រើប្រាស់ថង់ប្លាស្ទិកជាដើម។
ដើម្បីបន្តប្រយុទ្ធប្រឆាំងនឹងការបំពុលដោយសារប្លាស្ទិក គម្រោងថ្មីនេះនឹងរៀបចំលិខិតបទដ្ឋានគតិយុត្ត បង្កើនការយល់ដឹង និងកាត់បន្ថយសំណល់ប្លាស្ទិកនៅតាមតំបន់គោលដៅ ព្រមទាំងជំរុញឱ្យមានការកែច្នៃសំណល់ និងការប្រើប្រាស់សម្ភារផ្សេងក្រៅតែពីប្លាស្ទិក។
តំបន់គោលដៅ រួមមានក្រុងធំៗ និងខេត្តដែលនៅតាមតំបន់ឆ្នេរ ដូចជា៖ សៀមរាប ព្រះសីហនុ ភ្នំពេញ កែប កំពត និងកោះកុង ដើម្បីកាត់បន្ថយការបំពុលប្លាស្ទិកនៅតាមសមុទ្រឱ្យមានប្រ សិទ្ធភាព នៅតាមតំបន់ប្រភពសំណល់តែម្ដង
លោក Nick Beresford អ្នកតំណាងនិវាសនដ្ឋាននៃ UNDP ប្រចាំកម្ពុជា បានលើកឡើងថា «ការប្រយុទ្ធប្រឆាំងនឹងការបំពុលប្លាស្ទិក គឺជាការកិច្ចការដ៏សែនពិបាកមួយ។
ប៉ុន្តែ គម្រោងនេះនឹងនាំមកនូវការផ្លាស់ប្តូរ និងបង្ហាញឱ្យឃើញពីអនុភាពនៃការងាកទៅរកសេដ្ឋកិច្ចវិលជុំបែបបៃតង។»ក្នុងពិធីចុះអនុស្សារៈឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រ សាសន៍បន្ថែមថា «តាមរយៈគម្រោងនេះ យើងអាចបង្ហាញឱ្យឃើញពីឧត្តមានុវត្តន៍នៃអន្តរាគមន៍កាត់បន្ថយប្លាស្ទិកដែលអាចជួយឱ្យបណ្ដាប្រទេ សនានានៅអាស៊ានយកគំរូតាមព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការបំពុលប្លាស្ទិកនៅតាមសមុទ្រ ។»
ឯកឧត្តម សាយ សំអាល់ បានលើកឡើងពីកិច្ចខិតខំប្រឹង ប្រែងរបស់កម្ពុជាក្នុងការគ្រប់គ្រងសំណល់ទូទៅក៏ដូចជាសំណល់ក្នុងសមុទ្រដោយបានធ្វើកាត់បន្ថយការប្រើប្រាស់សម្ភារមួយ ទឹក និងសំណល់ប្លាស្ទិក ផ្តល់ជារឺម៉ក រថយន្តតូចដើម្បីប្រមូលសំរាមនៅតាមទីក្រុងនានា បានធ្វើផ្ទេរតួនាទី និងថវិកាដល់ថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រងសំរាម ក៏ដូចជាជំរុញការបង្កើត និងលើកទឹកចិត្តដល់សាលាមេត្រីភាពបរិស្ថាន និងអារាមមេត្រីភាពបរិស្ថាន។
រាជរដ្ឋាភិបាលក៏បានសហការ និងជំរុញដល់វិស័យសាធារណៈ និងឯកជននានាដើម្បីធ្វើការកាត់បន្ថយ និងដោះស្រាយបញ្ហាសំណល់ប្លាស្ទិក។ ឯកឧត្តម សាយ សំអាល់ បានថ្លែងថាកម្ពុជានឹងបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការថែរក្សាបរិស្ថាននៅតាមតំបន់ឆ្នេរសមុទ្រឱ្យល្អស្អាត។ ការរៀបចំដាក់ប្រព័ន្ធចម្រោះទឹកស្អាតសម្រាប់បរិភោគដើម្បីកាត់បន្ថ យសំណល់ប្លាស្ទិក និងការដាក់អំពូលពន្លឺព្រះអាទិត្យដើម្បីសន្សំសំចៃចរន្តអគ្គិសនី នៅតាមសាលារៀននិងនៅតាមទីធ្លាសាធារ ណៈនានាសម្រាប់បម្រើផលប្រយោជន៍សាធារណៈ ដូចជាបាននិងកំពុងធ្វើនៅលើទឹកដីខេត្តព្រះសីហនុ។
ការអប់រំផ្សព្វ ផ្សាយនៅតែជាចំណុចសំខាន់ជាងគេ ពិសេសការបញ្ជ្រាបចំណេះដឹង វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបរិស្ថានទៅក្នុងកម្មវិធីសិក្សា ដើម្បីកែប្រែឥរិយាបថរបស់ប្រជាជនពិសេសកុមារ និងយុវជន ដើម្បីជៀសវាងក្នុងការបង្កើតសំរាមបើមិនចាំបាច់៕
វណ្ណា
រូបថតក្រសួងបរិស្ថាន




