
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញបើកការដ្ឋានសាងសង់ខ្សែផ្លូវ ៣៨ ខ្សែ និងការកែលម្អដងស្ទឹងសៀមរាប នៅព្រឹកថ្ងៃទី៣០ វិច្ឆិកានេះ។
សម្តេចតេជោ បានបញ្ជាក់ថា កូវីដ-១៩ មិនអាចបង្អាក់ដំណើរការ នៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជានោះទេ។ កម្ពុជា នៅតែមានលទ្ធភាព ទម្លាក់ថវិកា ដើម្បីសាងសង់ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ។
ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ខ្សែផ្លូវ៣៨ខ្សែ និងការកែលម្អដងស្ទឹងសៀមរាប នៅព្រឹកថ្ងៃទី៣០ វិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថាឲ្យដឹងថា ទោះស្ថានភាពកូវីដ-១៩ នៅបន្តអូស បន្លាយនៅកម្ពុជាក្តី ប៉ុន្តែកម្ពុជា នៅតែមានថវិកាសម្រាប់ទម្លាក់មកអភិវឌ្ឍ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងខេត្តសៀម រាប។
សម្តេចតេជោ បានអះអាងថា កូវីដ-១៩ មិនអាចបង្អាក់ដំណើរការ នៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជានោះទេ។ សម្តេចតេជោ បានយកថវិកានៅសល់ចំនួន៥លានដុល្លារអាមេរិក សល់ពីការសាងសង់ផ្លូវនៅខេត្តព្រះសីហនុនៅ មកបន្ថែមកែលម្អដងស្ទឹងសៀមរាប ឲ្យកាន់ តែស្រស់ស្អាតថែមទៀត បន្ថែមពីលើថវិកាចំនួន១៥០លានដុល្លារ សម្រាប់កសាងផ្លូវក្នុងខេត្ត។
នៅឆ្នាំ២០២២ ខាងមុខ នេះ បើសិនស្ថានភាពកូវីដ-១៩ មានការថមថយ រាជរដ្ឋាភិ បាល នឹងពិចារណា ក្នុងការរៀបចំឲ្យមានព្រឹត្តិការណ៏អង្គរសង្គ្រាន្តឡើងវិញ ដែលពេលនោះ ហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងខេត្ត នឹងត្រូវបានសាងសង់រួចរាល់ជាស្ថាពរ។ នេះជាការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន ។
ឯ.ឧ ទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឱ្យដឹងថា គម្រោងនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងកែលម្អស្ទឹងសៀមរាប នឹងប្រើប្រាស់រយៈពេល១៣ខែ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២១ ខាងមុខនេះ។
ផ្លូវទាំង៣៨ ខ្សែនេះ ត្រូវបានបែងចែកជា ៤ប្រភេទ រួមមាន៖ ប្រភេទទី១៖ ជាផ្លូវដែលស្ថិតក្នុងតំបន់ភ្ញៀវទេសចរធ្វើដំ ណើរច្រើន និងមានកម្រាលផ្លូវល្អ ត្រូវជួសជុល ដោយអ៊ុតក្រាលបេតុងកៅស៊ូ AC កម្រាស់៥ ស.ម ឡើងវិញ។
ប្រភេទទី២៖ ជាផ្លូវដែលស្ថិតក្នុងតំបន់ភ្ញៀវទេសចរធ្វើដំណើរច្រើន និងមានកម្រាលផ្លូវមិនល្អ ត្រូវសាង សង់ថ្មី ដោយចាក់ក្រាលបេតុងសរសៃដែកម្រាស់ ២០ស.ម រួចក្រាលបេតុង កៅស៊ូ AC កម្រាស់៧ ស.ម ពីលើ។ ប្រភេទទី៣៖ ជាផ្លូវដែល មិនស្ថិតនៅតំបន់មានភ្ញៀវទេសចរធ្វើដំ ណើរច្រើន នឹងត្រូវ សាង សង់ ថ្មី ដោយចាក់ក្រាលបេតុង សរសៃដែក កម្រាស់ ២០ស.ម។ ប្រភេទទី៤៖
ជាផ្លូវវាងក្រុង ដោយកំណាត់ផ្លូវដែលមានតួផ្លូវនៅល្អ នឹងត្រូវជួសជុល អ៊ុត ក្រាល បេតុងកៅស៊ូ AC ឡើងវិញ ចំណែកកំណាត់ផ្លូវដែលមានតួផ្លូវមិនល្អនឹងត្រូវសាងសង់ថ្មី ដោយចាក់ក្រាលបេតុងសរសៃដែក កម្រាស់ ២៥ស.ម។
ខ្សែផ្លូវទាំង៣៨ខ្សែ នេះ នឹងមានរៀបចំបណ្តាញលូទឹក ភ្លៀង លូទឹកកខ្វក់ ប្រព័ន្ធការពារទឹកជំនន់ បញ្ចៀស ការជន់លិចទីក្រុងរៀបខឿនចិញ្ចើមផ្លូវ និងបង្គោល ភ្លើងបំភ្លឺផ្លូវ ហើយព្រមទាំងបាន គិតគូរពីទិដ្ឋភាពផ្សេងៗទៀតមានជាអាទិ៍ដូចជា៖
បណ្តាញ ខ្សែកាប ប្រព័ន្ធបញ្ជូនអគ្គិសនី ផ្លូវថ្មើ ជើង ផ្លូវសម្រាប់ជនពិការ ផ្លូវជិះកង់ ចំណតរថយន្ត ផ្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព សួនច្បារ និងការដាំដើម ឈើលម្អផ្លូវជាដើម៕


