
អ្នកតំណាងរាស្ត្រ ឯ.ឧ សួស យ៉ារ៉ា លាប់ជំងឺកូវីដ-១៩ ឡើង វិញ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានថ្លែងបញ្ជាក់ថា ជំងឺកូវីដ ១៩ ជាជំងឺដែលមិនច្បាស់លាស់ ដែលពលរដ្ឋគ្រប់រូបត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមសាមគ្គីទាំងអស់គ្នាក្នុងដំណាក់កាល «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» នេះ ព្រោះសូម្បីតែអ្នកតំណាងរាស្ត្រមួយរូប ដែលទទួលបានការព្យា បាលជាសះស្បើយ និងចេញពីមន្ទីរពេទ្យរួចហើយនោះ ក៏បានរើ (លាប់) ជំងឺនេះឡើងវិញផងដែរ ហើយត្រូវបញ្ជួនទៅសម្រាកនៅមន្ទីរពេទ្យឡើងវិញ។ សម្តេចតេជោ បានបញ្ជាក់ថា ឯកឧត្តមសួស យ៉ារ៉ា ដែលជាអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ធ្លាប់កើតកូវីដ ១៩ ដោយសារតែព្រឹត្តិការណ៍ ៣ វិច្ឆិកា និងទទួលបានការព្យាបាលជាសះ ស្បើយ ក៏ស្រាប់តែរើជំងឺនេះឡើងវិញ ។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងថា ឯកឧត្តម សួស យ៉ារ៉ា ពិតជារើជំងឺ និងកំពុងសម្រាកព្យាបាលជាថ្មី នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត តែស្ថានភាពរបស់លោក មិនជាធ្ងន់ធ្ងរទេ ហើយករណីនៃការរើឡើងវិញ ឬក៏ហៅថា លាប់ជំងឺឡើងវិញនេះក៏កើតមាននៅបណ្តាប្រទេសផ្សេងៗទៀតផងដែរ មិនមែនកើតមានតែនៅកម្ពុជានោះទេ ។
សូមជម្រាបថា ព្រឹត្តិការណ៍៣ វិច្ឆិកា កន្លងទៅនេះ ក្រសួង សុខាភិបាល ឃើញមានករណីវិជ្ជមានកូវីដ ១៩ ចំនួន៤នាក់ ក្នុងនោះមានអ្នកតំណាងរាស្ត្រ សួស យ៉ារ៉ា មន្ត្រីក្រសួងកសិកម្មមួយរូប អង្គរក្សការពារគណប្រតិភផ្ទាល់១រូប និងឯកអគ្គរដ្ឋទូតហុងគ្រី១រូប ៕










