
(ខេត្តបន្ទាយមានជ័យ,ថ្ងៃទី០៥ ខែ ធ្នូ ឆ្នាំ២០២០)៖លោកតាវ័យ ៦៦ឆ្នាំ ម្នាក់បានស្លាប់ខណៈពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូ កើតឡើងនៅវេលាម៉ោង០៨និង២០នាទី យប់ថ្ងៃទី០៤ខែធ្នូឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥៨ ស្ថិតត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែតលេខ១៧-១៨ នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯកសែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា៖ជនរងគ្រោះអ្នកបើកបរម៉ូតូឈ្មោះ ឡក់ រ៉េត ភេទប្រុស អាយុ៦៦ឆ្នាំ មិនមានពាក់មួកសុវត្តិភាព.មានលំនៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ជនរងគ្រោះបានរងរបួសធ្ងន់ បញ្ជូនទៅមណ្ឌលសុខភាពសិលាខ្មែររួចបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែតហើយបានស្លាប់ ។
លោកអធិការបានបញ្ជាក់ថា ម៉ូតូបានធ្វើដំណើរពីទិសខាងលិចទៅខាងកើត ពេលមកដល់ចំណុចកើតហេតុ ស្ថិតត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែតលេខ១៧-១៨ នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ មានរថយន្ត១គ្រឿងម៉ាកកាម៉ារីសេរីឆ្នាំ១៩៩៥ ពណ៌ស្លែ ពាក់ ផ្លាកលេខកំពង់ចាម .2A 0975 អ្នកបើកបរឈ្មោះសែម រុន ភេទ ប្រុសអាយុ៤៥ឆ្នាំនៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បើកបរបញ្ច្រាស់ទិសគ្នាបានឡើងជែងរថយន្ដមួយផ្សេងទៀតក៏ជ្រុលបុកម៉ូតូពេញទំហឹងបណ្តាលឲ្យដាច់ម៉ូតូជា២កំណាត់ អ្នកបើកបរម៉ូតូរបួសធ្ងន់ បន្ទាប់មកបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ។
ចំណែកអ្នកបើករថយន្តដែលគេស្គាល់ឈ្មោះសែម រុន នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ នោះកំពុងរត់គេចខ្លួន នៅពេលនេះកម្លាំងនគរបាលស្រុកអូរជ្រៅ កំពុងធ្វើការស្រាវជ្រាវដើម្បីចាប់ខ្លួនរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនិតិវិធីច្បាប់ ឯសពជនរងគ្រោះត្រូវបានក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ណុប-រក្សា(កែសម្រួលដោយ មណ្ឌល កែវ)






