
(ខេត្តបន្ទាយមានជ័យ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០)៖មន្ត្រីនគរបាល២រូបក្នុងចំ ណោមបក្សពួក៣នាក់បានចូលហាងផឹកស៊ីស្រវឹងយកកាំភ្លើងខ្លីបាញ់២គ្រាប់បណ្ដាលឲ្យមានការភ័យខ្លាចដល់អ្នកជិតខាងយ៉ាងខ្លាំង។
ហេតុការណ៍នេះកើតឡើងក្នុងភូមិអូរអំបិល សង្កាត់អូរអំបិលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ប្រជាពលរដ្ឋរស់នៅជិតហាងផឹកស៊ីបាននិយាយថា ករណីបាញ់បោះសេរីនេះកើតឡើងនៅចន្លោះម៉ោងប្រមាណជា៥ និង៤០នាទីទៅម៉ោង៦ល្ងាចថ្ងៃទី១១ ខែធ្នូឆ្នាំ ២០២០ បង្កឡើងដោយក្រុមអ្នកផឹកស៊ីប្រមាណជា៣នាក់ អ្នកបាញ់ជាមន្ត្រីនគរបាលហើយការបាញ់នេះមិនមែនផ្តើមឡើងពីជម្លោះក្នុងវង់ផឹកស៊ីនោះទេ គឺ ផឹកស្រាបៀរស្រវឹងស្រឺងៗបាញ់លេងដើម្បីកំសាន្តអារម្មណ៍ប៉ុណ្ណោះ ក្រោយពីកើតហេតុហើយ មន្តី្រនគរបាលប៉ុស្តិអូរអំបិលដឹកនាំដោយលោកឈឹម វុទ្ធី បានចុះទៅដល់ហាងមានរឿងនេះ។ក្រោយពីមានការផ្ទុះអាវុធក្នុងវង់ផឹកស៊ីរួចមក ។
លោកឧត្តមសេនីយ៍ទោសិទ្ធ ឡោះស្នងការគរបាលខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹងថានៅព្រឹក ថ្ងៃទី១៥ ខែ ធ្នូ ឆ្នាំ ២០២០នេះលោកបានបញ្ជាឲ្យដកតួនាទី បន្ថយសក្តិ និងពិន័យរដ្ឋបាលដល់ មន្ត្រីនគរបាលបីរូបដែលមានការពាក់ពន្ធ័ករណីផ្ទុះអាវុធ២គ្រាប់ដែលបង្កឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋហើយ។
លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងនោះជនដៃដល់ក្នុងការផ្ទុះអាវុធមានឈ្មោះ ឈឹម អឿត ដែលមានតួនាទីជានាយផ្នែកនៃការិយាល័យសរុបវិភាគត្រូវបានដកតួនាទីបន្ថយស័ក្តិពីថ្នាក់វរសេនីយ៍ត្រីមកត្រឹមអនុសេនីយ៍ទោ។ ឈ្មោះ សៀក ប៊ុនសៀង ឋានន្តរស័ក្តិអនុសេនីយ៍ទោមកនៅត្រឹមព្រិន្ទបាលឯក ចំណែកឈ្មោះ ឧត្តម ឆរ័ត្ន ដែលបានចូលរួមផឹកស៊ីនិងបានដកកាំភ្លើងពីខ្មាន់កាំភ្លើងត្រូវបានដាក់ពិន័យរដ្ឋបាលបញ្ឈរជើងជើងបីខែ។
លោកស្នងការក៏បានបញ្ជាក់ផងដែរថាឈ្មោះ ឧត្តម ឆរ័ត្នបានស្ថិតក្នុងហេតុការណ៍ផ្ទុះអាវុធនោះតែឈ្មោះនេះជាបុគ្គលដែលមានឆន្ទៈក្នុងការដកអាវុធពីក្រុមជនបង្ក។តែឈ្មោះឧត្តម ឆរ័ត្ននេះក៏ត្រូវបានដាក់ពិន័យ៣ខែក្នុងនាមជាកងកម្លាំងដែលស្ថិតក្នុងហេតុការណ៍នោះដោយមិនឲ្យរួចខ្លួននោះឡើយ។
លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ការដាក់ពិន័យនិងដកតួនាទីចំពោះមន្ត្រីនគរបាលទាំង២រូបនេះដើម្បីព្រមានដល់មន្ត្រីនគរបាលឯទៀតកុំឲ្យប្រព្រឹត្តខុសពីវិន័យរបស់កងកម្លាំងនគរបាលជាតិ៕
ដោយ៖ណុប រក្សា(កែសម្រួលដោយ មណ្ឌល កែវ)


