
ឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទឲ្យដឹងថា គិតចាប់ផ្តើមតាំងថ្ងៃទី២៥ ខែកក្កដា រហូតដល់ខែធ្នូ ឆ្នាំ២០២០ (រយៈពេល០៥ខែ) យុទ្ធនាការចែកពូជត្រីអណ្តែង និងកង្កែប បានធ្វើក្នុងខេត្តគោលដៅចំនួន១១ ដោយសម្រេចទទួលបានលទ្ធផលជាច្រើន។
ក្នុងនោះកសិករសរុបចំនួន ៩០៥គ្រួសារ (៦៦៧ ចិញ្ចឹមត្រីអណ្តែង និង ២៣៨ ចិញ្ចឹមកង្កែប)។ កូនត្រីចំនួន ៤៦ម៉ឺន ៦ ៩០០ក្បាល និងកូនកង្កែបចំនួន ៩៥ ២០០ក្បាល បានផ្តល់ជូនកសិករ។ ដោយឡែក ចំណីសរុបចំនួន ៣៦២០បាវ ស្មើនឹង៩០,៥ តោន វីតាមីនបីមុខចំនួន ២៧១៥កញ្ចប់។
បើតាមរដ្ឋមន្ត្រីកសិកម្ម ទិន្នផលត្រីអណ្តែងចាប់លើកទី១ សរុបចំនួន ៦៦,៧ តោន និងកង្កែបចំនួន ១៩តោន។
ដោយឡែកខេត្ត៤ ដែលទទួលរងផលប៉ះពាល់ដោយទឹក ជំនន់ សម្រេចទទួលបានលទ្ធផល កសិករសរុបចំនួន ២១៥គ្រួសារ ទទួលបានតង់ប្លាស្ទីកចិញ្ចឹមត្រីអណ្តែងទាំង អស់ កូនត្រីអណ្តែងចំនួន ១៥០ ៥០០ក្បាល និងចំណីចំនួន ៨៦០បាវ ស្មើនឹង ២១,៥តោន វីតាមីនបីមុខចំនួន ៦៤៥សកញ្ចប់។ តាមបទពិសោធន៍កូនត្រីចំនួន១៥ម៉ឺន ៥០០ក្បាល អាចបានផល ២១,៥តោន។
សូមជម្រាបថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានខិតខំជម្រុញប្រជាពលរដ្ឋឲ្យខិតខំបង្កើន និងពង្រឹងភាពម្ចាស់ការក្នុងការផលិត ធានាបាននូវសន្តិសុខស្បៀង ការផ្គត់ផ្គង់ទីផ្សារ ការបង្កើតឱកាសការងារតាមរយ:ការចិញ្ចឹមត្រី-កង្កែប ជាលក្ខណគ្រួសារក្នុងក្របខណ្ឌបច្ចេកទេសសម ស្របសាមញ្ញ ប្រើប្រាស់រយៈពេលខ្លី ចំណាយដើមទុនតិច ទទួលបានផលច្រើន រក្សាបាននូវស្ថានភាពជីវភាពប្រក្រតីតាមគន្លងថ្មីក្នុងអំឡុងពេល នៃការរីករាលដាលនៃជំងឺឆ្លង កូវីដ-១៩។
មិនតែប៉ុណ្ណោះ សម្តេចតេជោបានជួយឧបត្ថម្ភថវិកាចំនួន ២០០០លានរៀលសម្រាប់អនុវត្តកម្មវិធីនេះផងដែរ៕







