
លោក ជា សយ នាយកក្រុមហ៊ុន បានឲ្យដឹងថា កន្លងមកក្រុមហ៊ុនផលិតតែចំណីជ្រូក មាន់ ទា និងគោតែប៉ុណ្ណោះ ប៉ុន្តែដោយសារវិស័យវារីវប្បកម្ម មានការីកចម្រើន ក្រុមហ៊ុនបានសម្រេចចិត្តបង្កើនការវិនិយោគដោយពង្រីកខ្សែច្រវាក់ផលិតកម្មទៅផលិតចំណីត្រីថែមទៀត។ បច្ចុប្បន្ន ក្រុមហ៊ុនអាចផលិតចំណីត្រីបាន៦០០តោន/ខែ ហើយចំពោះចំណីជ្រូក មាន់ ទា និងគោ គឺអាចផលិតបានចំនួន ៧០០តោន/ថ្ងៃ លក់បាន ៩.០០០តោន/ខែ។
ក្នុងឆ្នាំ២០២០ កន្លងមកក្រុមហ៊ុនផលិតគ្រប់ប្រភេទសរុបបាន ៨៥.០០០-៩០.០០០តោន។ ចំពោះវត្ថុធាតុដើមវិញ គឺក្រុមហ៊ុន បានប្រមូលទិញក្នុងស្រុករួមមានពោត កន្ទក់ កញ្ចុងអង្ករ ដំឡូងមី និងកាកស្រាបៀសរុបបានជាង ៤០ ០០០តោន/ឆ្នាំ។ ក្រៅពីផលិតកម្មចំណី ក្រុមហ៊ុនក៏មានកសិដ្ឋានចិញ្ចឹមសត្វ និងកិច្ចសន្យាសហការចិញ្ចឹមជាមួយកសិករនៅតាមបណ្តាខេត្តផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រីវេង សាខុន បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ក្នុងការចូលរួមផលិតចំណី សត្វ បម្រើឲ្យវិស័យផលិតកម្មសត្វ ដែលកំពុងមានការវិវឌ្ឍ ន៍គួរឲ្យកត់សម្គាល់នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះគឺជាឲ្យកាសដ៏ល្អរបស់ក្រុមហ៊ុនក្នុងការចូលរួមចំណែកបង្កើនផលិតកម្មចិញ្ចឹមសត្វ និងត្រីតាមរយ:ការផលិតចំណីមានគុណភាពល្អ និងតម្លៃសមរម្យ ឆ្លើយតបតាមតម្រូវការក្នុងស្រុក បង្កើតការងារ និងបង្កើនចំណូលគ្រួសារ។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឲ្យក្រុមហ៊ុន ប្រើវត្ថុធាតុ ដើមក្នុងស្រុកឲ្យបានច្រើនជាងនេះបន្ថែមទៀតតាមរយ: ការអនុវត្តកិច្ចសន្យាផលិតកម្មកសិកម្ម ដើម្បីលើកកម្ពស់ការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកឲ្យអស់លទ្ធភាព កាត់ បន្ថយការនាំចេញ៕






