
ភ្នំពេញ៖ ឯកឧត្ដម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្ដាំផ្ញើឱ្យកម្មសិក្សាការី និងសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ នៃសាលាភូមិន្ទរដ្ឋបា លយកចំណេះដឹង និងបទពិសោធន៍របស់ខ្លួនទៅបម្រើជាតិមាតុភូមិឱ្យកាន់តែមានការរីកចម្រើនថែមទៀត និងគួរចងចាំនូវពាក្យស្លោកមួយចំនួនដូចជា៖ មន្ត្រីគឺអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយនាយរាស្ត្រឡើយ ត្រូវធ្វើអ្វីៗដោយឆន្ទៈនិងធ្វើឱ្យបានបើធ្វើមិនបានកុំធ្វើ និងសំដីឥតប្រ យោជន៍ នាំឱ្យជាតិបែកបាក់ការងារ មានប្រសិទ្ធភាពនាំឱ្យជាតិរុងរឿង។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងឱកាសឯកឧត្ដម រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញធ្វើបាឋក ថាតាមអនឡាញ (Online) ជូនដល់កម្មសិក្សាការី និងសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ នៃសាលាភូមិន្ទរដ្ឋបាល កាលពីម្សិលមិញ។
ឯកឧត្ដមទេសរដ្ឋមន្ត្រី បានរំលឹកឡើងវិញអំពីប្រវត្តិដំបូងនៃការធ្វើសមាហរណកម្មហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់កម្ពុជា ដើម្បីតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់បណ្ដាខេត្តនានា និងតភ្ជាប់ពីខេត្តមួយទៅខេត្តមួយ ដោយការចាក់កៅស៊ូពីរស្រទាប់ស្ដើង(DBST) សំដៅពង្រឹង និងពង្រីកកិច្ចសហកា រ និងទំនាក់ទំនងក្នុងក្របខណ្ឌសង្គមនិងសេដ្ឋកិច្ចប៉ុណ្ណោះ ប៉ុន្តែឈានដល់ដំណាក់កាលថ្មីនេះ កម្ពុជាតម្រូវឱ្យមានការពង្រីក និងលើកកម្ពស់គុណភាពផ្លូវពីប្រភេទផ្លូវចាក់កៅស៊ូពីរស្រទាប់ស្ដើង (DBST) ទៅជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) ដោយក្នុងនោះរួមមាន៖ ផ្លូវជាតិលេខ១ លេខ២ លេខ ៣ លេខ៤ លេខ៥ លេខ៦ លេខ៧ លេខ៨ លេខ៩ និងផ្លូវជាតិនានាទៀត ព្រមទាំងកំពុងកសាងផ្លូវថ្មីពីវាលវែងទៅខេត្តកោះកុង (ផ្លូវជាតិលេខ១០) ផ្លូវល្បឿនលឿនភ្នំពេញ -ព្រះសីហនុជាដើម ឱ្យសមស្របតាមកំណើន សេដ្ឋកិច្ចនាពេលបច្ចុប្បន្នរបស់ប្រទេស៕







