
(ខេត្តបន្ទាយមានជ័យ,រសៀលថ្ងៃទី១៤ខែមករាឆ្នាំ២០២១)៖លោកកឹម សុខា អតីតប្រធាន អតីតគណបក្សសង្គ្រោះជាតិនិងប្រតិភូរួមដំណើរចុះ សួរសុខទុក្ខនិងចែកអំណោយដល់មណ្ឌលចត្តាឡីស័កកងវ៉ា របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
នាឱកាសនោះ លោកគឹម សុខាបានថ្លែងថា អំណោយដែលលោកបាននាំយកមកទាំងអស់នេះ គឺបានមកពីសប្បុរសជននៅប្រទេសបារាំង សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត រួមទាំងក្នុងប្រទេសជូនដល់គណៈកម្មការខេត្តបន្ទាយមានជ័យ ប្រយុទ្ធប្រឆាំងនឹងកូវីត-១៩ រួមមានថវិកា១០លានរៀល សាប៊ូប្រូថិច៥កេះតូចនិងម៉ាសមុខ២កេះធំ ។
ជាមួយគ្នានោះដែរ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក៏បានជម្រាបជូនប្រតិភូថា បច្ចុប្បន្នមានពលករខ្មែរប្រមាណ៤.០០០នាក់់បានចូលពិនិត្យនិងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កទាំង១៣ កន្លែង ក្នុងខេត្តបន្ទាយមានជ័យ តែក្នុងនោះ មាន១.០០០នាក់បានចេញទៅវិញ ក្រោយធ្វើចត្តាឡីស័ករួចចំនួន១៤ថ្ងៃអស់ហើយ ចំពោះអ្នកកូវីត-១៩ កើនដល់២០នាក់ ក្នុងនោះឆ្លងថែមទៀតកាលពីថ្ងៃទី១៣ខែមករា មាន៨នាក់ ក្នុងនោះ អ្នកបន្ទាយមានជ័យ៥នាក់ ។
ឯកឧត្តម អ៊ុំ រាត្រីបានបន្តឲ្យដឹងទៀតថា នៅចំពោះមុខ ក្រុមការងារនៃគណៈកម្មការបាននឹងកំពុងទ្រោលលើការងារទទួលត្រួតពិនិត្យសុខភាព យកវត្ថុសំណាករកមេរោគកូវីត-១៩និងធ្វើចត្តាឡីស័ក ចំពោះ អ្នកវិជ្ជមានកូវីត-១៩ចំនួន២០នាក់ ត្រូវបានបញ្ជូនទៅសម្រាកថែទាំនិងព្យបាលសុខភាព ។
លោកកឹម សុខា អតីតប្រធាន អតីតគណបក្សសង្គ្រោះជាតិបានថ្លែងទៀតថា តាមការទាក់ទងនឹងសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន លោកត្រូវទទួលបានការអនុញ្ញតិឲ្យចូលជួបផ្តល់ការលើកទឹកចិត្តដល់ក្រុមការងារនិងសួរសុខទុក្ខពលករដែលបាននឹងកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលខ្លះនៃខេត្តជាប់បណ្តោយព្រំដែនកម្ពុជា ថៃ ។ ក្នុងនោះ នៅខេត្តបន្ទាយមានជ័យ ដែលមានច្រើននិងគ្រប់គ្រង ចាត់ចែងបានល្អប្រសើរផងដែរ ។
លោកកឹម សុខា បានបន្តថា៖តាមពិតរាជរដ្ឋាភិបាលនិងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ផ្នែកបាននឹងកំពុងខិតខំបំពេញការងារប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវូត-១៩ នេះបានល្អនិងមានប្រសិទ្ធិភាព។
ប៉ុន្តែដោយសារបញ្ហានេះ ជារឿងរួមរបស់ខ្មែរ របស់ជាតិយើង ហេតុនេះលោកនិងក្រុមការងារ ក៏ដូចជនរួមឈាមខ្មែរនៅក្នុងនិងក្រៅប្រទេស សូមមកចូលរួមចំណែក លើកទឹកចិត្តដល់បងប្អូនទាំងអស់ដែលបំពេញពលីកម្មការងារគ្រប់បែបយ៉ាង ។
លោកសូមផ្តល់កម្លាំងចិត្ត ដល់បងប្អូនពលករឲ្យគោរពវិន័យនិងអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីបានឆាប់វិលត្រឡប់ទៅផ្ទះសម្បែង ហើយក្លាយជាកម្លាំងពលកម្មដ៏រឹងមាំ មានសុខភាពល្អសម្រាប់កសាងជីវភាពគ្រួសារនិងសេដ្ឋកិច្ចជាតិអោយរីកចម្រើនថែមទៀត ៕
ដោយ៖ណុប រក្សា(កែសម្រួលដោយ មណ្ឌល កែវ)






