
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ បានស្នើសុំឲ្យឥណ្ឌា ឧបត្ថម្ភវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កម្ពុជា ដើម្បីប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។ ការស្នើសុំនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឡើង នៅក្នុងឱកាសអនុញ្ញាតឲ្យ លោកជំទាវបណ្ឌិត ឌេវ យ៉ានីឧត្តាំខូប្រាហ្គាឌេ (DEVYANI UTTAMKHOBAGSADE) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលលោកជំទាវ ទើបមកបំពេញបេសកម្មការទូតនៅកម្ពុជា ចូលជួបសំដែងការគួរសម នៅវិមានសន្តិភាព។
បើតាមប្រសាសន៍ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានប្រាប់ឲ្យដឹងនៅក្នុងជំនួបនេះ លោកជំទាវ ឌេវ យ៉ានី បានគោរពនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីឯកឧត្តមនាយករដ្ឋមន្ត្រី ប្រធានាធិបតីឥណ្ឌា ជូនចំពោះសម្តេចតេជោ ជូនពរដល់សម្តេចតេជោ សូមមានសុខភាពល្អបរិបូណ៍ និងដឹកនាំព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់វឌ្ឍនភាព កាន់តែខ្ពង់ខ្ពស់បន្ថែមទៀត។
ជាមួយនោះដែរ លោកជំទាវ ក៏បានសម្តែងនូវការអបអរសាទរ ជូនចំពោះសម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តយ៉ាងមានប្រសិទ្ធភាព និងទប់ស្កាត់យ៉ាងជោគជ័យ នូវជំងឺការរាតត្បាតជំងឺកូវីដ១៩ នៅព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវបានមានប្រសាសន៍ថា ទំនាក់ទំនងរវាងកម្ពុជានិងឥណ្ឌា គឺមានជាយូរលង់ណាស់មកហើយ នៅក្នុងប្រវត្តិសាស្ត្រ គឺជាទំនាក់ទំនងដ៏ល្អមួយ។
ក្នុងបេសកកម្មការទូតរបស់លោកជំទាវ មកកាន់កម្ពុជានៅពេលនេះ គឺដើម្បីពង្រឹងពង្រីក នូវកិច្ចសហប្រតិការ ទំនាក់ទំនងដែលមានស្រាប់នេះ ឲ្យកាន់តែរីកធំធាត់ឡើងថែមទៀត។ លោកជំទាវបានមានប្រសាសន៍ថា តាមរយៈការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ តាមរយៈអរិយធម៌ វប្បធម៌ និងសាសនា ដែលជាមូលដ្ឋានរួមមួយ រវាងប្រទេសទាំងពីរ លោកជំទាវនឹងប្រឹងប្រែងធ្វើយ៉ាងណាជំរុញ រៀបចំកម្មវិធីជាប្រចាំទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ តភ្ជាប់ប្រជាជននិងប្រជាជន ពាណិជ្ជកម្មនិងពាណិជ្ជកម្ម បន្ថែមទៅលើទំនាក់ទំនងដែលមានស្រាប់។
ជាការឆ្លើយតប សម្ដេចតេជោ បានសម្ដែងនូវការអបអរសាទរ ចំពោះលោកជំទាវ ឌេវ យ៉ានី ដែលបានត្រូវតែងតាំងជាឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាព ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោក៏បានថ្លែងអំណរគុណ ចំពោះការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ឯកឧត្តមប្រធានាធិបតី និងនាយករដ្ឋមន្ត្រី។
សម្តេចក៏បានសំដែងនូវការអបអរសាទរផងដែរ ដែលប្រទេសឥណ្ឌា បានផលិតវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ បានជោគជ័យ និងប្រកាសដាក់ឲ្យប្រើប្រាស់នាពេលថ្មីៗនេះ។
សម្តេចបានយល់ស្របជាមួយនឹងការលើកឡើងរបស់លោកជំទាវ ពាក់ព័ន្ធទំនាក់ទំនង រវាងប្រទេសទាំងពីរ សម្តេចបានមានប្រសាសន៍ថា ជាការពិតណាស់ ទំនាក់ទំនងរបស់យើង គឺមានជាយូរលង់ណាស់មកហើយ ហើយទំនាក់ទំនងនោះ គឺមានការរីកចម្រើនល្អប្រសើរជាលំដាប់។
ចំណុចសំខាន់បំផុតនោះ គឺឥណ្ឌាកន្លងមកបានតែងតែគាំទ្រកម្ពុជា ជាពិសេសនៅឆ្នាំ៥០ជាង ឥណ្ឌាបានគាំទ្រឯករាជ្យភាពរបស់កម្ពុជា ហើយនៅទសវត្សរ៍៨០ ឥណ្ឌាគឺជាប្រទេសដំបូងបំផុត ដែលទទួលស្គាល់រដ្ឋាភិបាលកម្ពុជា នាពេលនោះ ហើយតាំងពីនោះមក ឥណ្ឌា តែងតែបានជួយគាំទ្រផ្តល់ជំនួយដល់កម្ពុជាជារៀងរហូតមក។
សម្តេចបានមានប្រសាសន៍ថា អ្វីដែលយើងអាចធ្វើនៅពេលនេះ ក្នុងការជំរុញទំនាក់ទំនងរបស់យើង ឲ្យកាន់តែស៊ីជម្រៅទៀតនោះ គឺរៀបចំធ្វើយ៉ាងណាឲ្យមាន កិច្ចព្រមព្រៀង ឬបង្កលក្ខណៈល្អមួយ សម្រាប់លើកទឹកចិត្ត និងជំនឿទុកចិត្តរបស់អ្នកអ្នកវិនិយោគ ក៏ដូចជាលើកស្ទួយពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឲ្យកាន់តែមានការរីកចម្រើនឡើងថែមទៀត ដើម្បីបើកឱកាសលើកកម្ពស់ភាពជាដៃគូរវាងប្រទេសទាំងពីរ។
ឆ្លៀតឱកាសនោះដែរ តាមរយៈលោកជំទាវឯកអគ្គរដ្ឋទូត សម្ដេចក៏បានស្នើដល់ឥណ្ឌា ឲ្យឧបត្ថម្ភវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កម្ពុជា ដើម្បីប្រើប្រាស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕


