
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ បានអញ្ជើញប្រកាសដាក់ឱ្យអនុវត្ត យុទ្ធសាស្រ្តការទូត សេដ្ឋកិច្ច ឆ្នាំ២០២១-២០២៣ របស់ក្រសួង ដើម្បីជាត្រីវិស័យក្នុងការពង្រឹង ប្រសិទ្ធភាពការងារ ផ្នែកការទូតសេដ្ឋកិច្ច និងចូលរួមជាវិភាគទាន ពង្រឹងជន្ទល់កំណើនសេដ្ឋកិច្ច កាត់បន្ថយការពឹងផ្អែកលើជំនួយពីខាងក្រៅ និងលើកកម្ពស់ផលប្រយោជន៍កម្ពុជា នៅក្នុងតំបន់និងអន្តរជាតិ ។
ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សុខុន បានបង្ហាញឯកសារយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច ឆ្នាំ២០២១-២០២៣ ដែលត្រូវបានរៀបចំឡើង នៅក្នុងកាលៈទេសៈដែលស្ថានភាពពិភពលោក ក៏ដូចជាកម្ពុជា កំពុងប្រឈមទៅនឹងការគំរាមកំហែងធ្ងន់ធ្ងរបំផុតមិនធ្លាប់ជួប ក្នុងរយៈពេលជាង ៣ទសវត្សចុងក្រោយនេះ។ ការគំរាមគំហែងនេះ បណ្តាលមកពីកត្តាគួបផ្សំគ្នាជាច្រើន ក្នុងនោះកត្តាធំជាងគេ២គឺ កត្តាធម្មជាតិ និងកត្តាមនុស្ស។
ការផ្ទុះនិងការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ បានធ្វើឱ្យពិភពលោកទាំងមូលរង្គោះរង្គើ។
ជំងឺឆ្លងនេះ បង្កហានិភ័យកាន់តែធំឡើង នៃការក្ស័យធនផ្នែកធុរកិច្ច ដែលនឹងបង្កការបាត់បង់ការងារ របស់មនុស្សរាប់រយលាននាក់។ ទោះបីជាមានដំណើរការចាក់វ៉ាក់សាំង បង្ការជំងឺនេះជាបណ្តើរៗហើយក៏ដោយ ក៏គេពុំទាន់អាចប្រមើលមើលឃើញ អំពីការវិលត្រឡប់មកវិញ នូវប្រក្រតីភាពនៃដំណើរការសេដ្ឋកិច្ចពិភពលោកនៅឡើយដែរ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីបានបានមានប្រសាសន៍ថា ផលប៉ះពាល់នៃជំងឺកូវីដ-១៩ មិនត្រឹមតែលាតសន្ធឹង លើ វិស័យសេដ្ឋកិច្ច សង្គម និងហិរញ្ញវត្ថុប៉ុណ្ណោះទេ តែក៏ហក់ចូលក្នុងសង្វៀននយោបាយ ដោយការធ្វើនយោបាយតូបនីយកម្ម ដើម្បីយកកំហុស នៃអសមត្ថភាពរបស់ខ្លួន ក្នុងការទប់ស្កាត់ជំងឺនេះ ទៅទំលាក់ឱ្យអ្នកដទៃ។ កត្តាមនុស្សនេះ កំពុងធ្វើឱ្យស្ថិរភាព និងវិបុលភាព រយៈពេលជាង៧០ឆ្នាំ ដែលកើតចេញពីសណ្តាប់ធ្នាប់អន្តរជាតិ ផ្អែកលើពហុប៉ូលនិយម និងច្បាប់អន្តរជាតិនោះ ទទួលរងភាពរង្គោះរង្គើយ៉ាងខ្លាំង ។
នេះក៏ដោយសារការរំលោភបំពាននិងលែងគោរពនូវគុណតម្លៃទាំងឡាយ ដែលជាមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់នេះ និងការងាកទៅរកឯកតោភាគីនិយម ការប្រើកំលាំងបាយគាបសង្កត់ប្រទេសទន់ខ្សោយ។
ឯកឧត្តម រដ្ឋមន្រ្តីបានមានប្រសាសន៍បន្ថែមថា ការប្រជែងគ្នារវាងមហាអំណាចអាមេរិកនិងចិន នាដើមអាណត្តិរបស់ប្រធានាធិបតី Trump បានចាប់ផ្តើម ពីការបង្កសង្គ្រាមពាណិជ្ជកម្មនោះ បានរីករាលដាល ដល់សមរភូមិផ្សេងទៀតមាន សេដ្ឋកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា យោធា ចារកម្ម ល្បែងទំលាក់កំហុស និងបញ្ហាសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងមនោគមវិជ្ជា។
ទោះបីជាមានការព្យាករណ៍ថា ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់អាមេរិក (លោក ចូ បៃដិន) អាចផ្លាស់ប្តូរទិសដៅគោលនយោបាយការបរទេស ពី «អាមេរិកជាចម្បង» មកផ្តោតលើ «ប្រព័ន្ធពហុភាគីនិយម» វិញក៏ដោយ ក៏ពុំមានសញ្ញាណណាមួយបង្ហាញថា ការប្រជែងឥទ្ធិពល និងអំណាចនេះ បានថមថយចុះនោះទេ។
អ្វីដែលធ្ងន់ធ្ងរនោះ គឺការរួមបញ្ចូលគ្នា នៃកត្តាទាំងពីរក្នុងពេលតែមួយ ពោលគឺរដ្ឋាភិបាលត្រូវចាត់វិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដផង និងដោះស្រាយបញ្ហាប្រឈមខាង សេដ្ឋកិច្ចនិងសង្គម ដែលបណ្ដាលមកពីការរាតត្បាតនៃជំងឺនេះផង។ ហើយធ្ងន់ធ្ងរបំផុតទៅទៀតសំរាប់កម្ពុជា គឺថែមពីលើអម្រែកទាំងសងខាងស្មារបស់យើង គឺការដករបបអនុគ្រោះពន្ធក្រោមប្រព័ន្ធ EBA 20% បន្ថែមទៀត។
ឯកឧត្តម ប្រាក់ សុខុន បានបន្តថា ទណ្ឌកម្មដែល EU បានសម្រេចដាក់មកលើកម្ពុជា ក្នុងគ្រាដែលប្រទេសតូចរបស់យើង កំពុងប្រមូលកិច្ចប្រឹងប្រែងគ្រប់យ៉ាង ធនធានគ្រប់ប្រភេទ និងមធ្យោបាយចំរុះ ដើម្បីទប់ទល់ នឹងការរាលដាលនៃជំងឺកូវីដ-១៩ ផង និងទប់កុំឱ្យសេដ្ឋកិច្ចដួលរំលំផង ត្រូវបាន សម្តេចតេជោនាយករដ្ឋមន្ត្រី ហៅយ៉ាងច្បាស់ក្នុងសុន្ទរកថា ទៅកាន់មហាសន្និបាត អង្គការសហប្រជាជាតិលើកទី៧៥ ថា ជាភាពអយុត្តិធម៌ ។
ឯកឧត្តមបានថ្លែងទៀតថា ដោយទទួលស្គាល់ពីសារៈសំខាន់ នៃការរួមចំណែករបស់វិស័យការបរទេស ទៅលើការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលជាង២ឆ្នាំនេះ ក្រសួងការបរទេស បានខិតខំជំរុញការងារការទូតសេដ្ឋកិច្ច តាមរយៈការពង្រឹង សមត្ថភាពធនធានមនុស្ស ការបណ្តុះបណ្តាលអ្នកការទូតឱ្យមានវិជ្ជាជីវៈ ការរៀបចំប្រមូល និងចងក្រងផ្ទាំងព័ត៌មាន អំពីសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ សម្រាប់អ្នកការទូតយើងប្រើប្រាស់ និងជួបប្រាស្រ័យជាមួយភ្ញៀវ ធុរជន ពលរដ្ឋ និងថ្នាក់ដឹកនាំនៃប្រទេសម្ចាស់ផ្ទះជាមិត្តនិងចូលរួមពិធីតាំងពិព័រណ៌ ពាណិជ្ជកម្ម វប្បធម៌ ការធ្វើបទបង្ហាញទាក់ទាញវិនិយោគ និងការជួយសម្របសម្រួលនូវដំណើរ និងសំណើរបស់ធុរជន និងក្រុមហ៊ុនបរទេសនានា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា ជាងនេះទៅទៀត ក្រសួងការបរទេសបានប្តេជ្ញា រៀបចំតាក់តែងនូវយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចនេះ ដើម្បីជាត្រីវិស័យ ក្នុងការពង្រឹងប្រសិទ្ធភាពការងារ ផ្នែកការទូតសេដ្ឋកិច្ច និងដើម្បីចូលរួមជាវិភាគទាន ពង្រឹងជន្ទល់កំណើនសេដ្ឋកិច្ច កាត់បន្ថយការពឹងផ្អែកលើជំនួយពីខាងក្រៅ និងលើកកម្ពស់ផលប្រយោជន៍កម្ពុជា នៅក្នុងតំបន់និងអន្តរជាតិ ដោយផ្តោតទៅគោលដៅ ៤ធំៗ គឺ ការជំរុញពាណិជ្ជកម្មអន្តរជាតិ,ការទាក់ទាញ ការវិនិយោគទុនផ្ទាល់ពីបរទេស, ការលើកកម្ពស់វិស័យ ទេសចរណ៍ និងការជំរុញការផ្លាស់ប្តូរវប្បធម៌ (រួមទាំងការផ្សព្វផ្សាយ ពីមុខម្ហូបខ្មែរផងដែរ)។
សូមបញ្ជាក់ថា តាមរយៈយុទ្ធសាស្រ្តខាងលើ ក្រសួងការបរទេស នឹងដើរតួជាអ្នកសម្របសម្រួល និងជំរុញយន្តការដែលមានស្រាប់ ដើម្បីទាក់ទាញការវិនិយោគទុន ផ្ទាល់ពីបរទេស ជំរុញឱ្យមានកំណើន នៃការធ្វើពាណិជ្ជកម្មទ្វេភាគី និងពហុភាគីនិងទាក់ទាញភ្ញៀវទេសចរណ៍ តាមរយៈការពង្រឹងតម្លៃវប្បធម៌ខ្មែរនៅក្រៅប្រទេស និងអភិវឌ្ឍធនធានអ្នកការទូត ជំនាន់ថ្មីប្រកបដោយវិជ្ជាជីវៈ សមត្ថភាពខ្ពស់ សកម្មការពារ និងលើកស្ទួយផលប្រយោជន៍ជាតិ លើគ្រប់ វិស័យ៕
ដោយ៖ សំអាត និង ពិសិដ្ឋ


