
(ខេត្តព្រះសីហនុ,ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១)៖ កម្លាំងកងរាជអាវុធហត្ថខែត្រ ព្រះសីហនុ បានឲ្យដឹងថា កាលពីម៉ោង ៣ទៀបភ្លឺ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ជនជាតិចិនមួយក្រុមប្រដាប់ដោយដែកទីប និងដំបងបានជិះរថយន្ត ២គ្រឿង មកកាក់រថយន្តអ្នករត់តាក់ស៊ី បើកបរដោយបុរសជនជាតិខ្មែម្នាក់ រួចធ្វើសកម្ម ភាពវាយបំផ្លាញរថយន្ត និងវាយម្ចាស់រថយន្ត បណ្តាលឲ្យបែកក្បាលធ្ងន់ធ្ងរ។ សមត្ថកិច្ចរាជអាវុធហត្ថ បានឲ្យដឹងថា ហេតុការណ៍នេះកើតឡើង នៅចំណុចមុខវត្តអូរត្រេះ ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ជនរងគ្រោះជាអ្នករត់តាក់ស៊ី បានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបលោក បានរង់ចាំដឹកភ្ញៀវនៅកន្លែងកើតហេតុ បន្ទាប់មកក្រុមជនសង្ស័យ ក៏ជិះរថយន្ត ២គ្រឿង មកកាក់រថយន្តរបស់លោក ដោយ១គ្រឿង មកឈប់ពីមុខនិង១គ្រឿងទៀត មកឈប់ពីក្រោយ ហើយភ្លាមៗនោះ ក៏ស្ទុះចុះពីលើរថយន្តទាញដែកទីប និងដំបងវាយសន្ធាប់មកលើរូបលោកតែម្ដង។
ជនរងគ្រោះបន្តទៀតថា ដោយមានការភ័យពេក រូបលោក ក៏រត់ចោលរថយន្ត ហើយក្រុមជនសង្ស័យទាំងនោះ ក៏បានយករថយន្ត របស់លោក ជិះទៅវាយអ្នកផ្សេងទៀតដែលឈប់រថយន្តនៅតាមបណ្ដោយផ្លូវ ចាប់ពីផ្លូវអូរត្រេះរហូតមកដល់ផ្លូវអាឡាំងដឺឡុង។
ក្រោយកើតហេតុ ជនរងគ្រោះ បានទំនាក់ទំនងទៅសមត្ថកិច្ច ហើយក៏ឈានដល់ការឃាត់ខ្លួនជនសង្ស័យ ជាជនជាតិចិន បានម្នាក់ នៅត្រង់ចំណុចមុខរោង ចក្រ New star។
បច្ចុប្បន្ន ជនរងគ្រោះ បានសម្រាកព្យាបាលនៅគ្លីនិកឯកជនអូរត្រេះ។
ចំណែកជនបង្ករម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចាប់ឃាត់ខ្លួន និងសាកសួរ ដើម្បីស្រាវជ្រាវរកបក្ខពួកមួយចំនួនទៀត យកមកផ្តន្ទាទោសតាមច្បាប់៕
ដោយ៖មនោរាហ៍(កែសម្រួលដោយ មណ្ឌល កែវ)




