
អាមេរិក ៖ ប្រធានទីប្រឹក្សាវេជ្ជសាស្ត្រទទួលបន្ទុកមេរោគកូរ៉ូណា របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden គឺលោកវេជ្ជបណ្ឌិត អាន់ថូនី ហ្វៅស៊ី Anthony Fauci បាននិយាយថាសហរដ្ឋអាមេរិក នឹងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ សម្រាប់ការចែកចាយវ៉ាក់សាំងដោយយុត្តិធម៌។
លោក Fauci តំណាងអោយសហរដ្ឋអាមេរិកនៅក្នុងការប្រជុំតាមអ៊ិនធឺរណេតជាមួយនាយកអង្គការសុខភាពពិភពលោក លោកបាននិយាយថាសហរដ្ឋអាមេរិកនឹងនៅតែជាសមាជិករបស់អង្គការសុខភាពពិភពលោក ហើយនឹងបំពេញកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួនចំពោះអង្គការនេះ។
លោក Fauci បាននិយាយថាសហរដ្ឋអាមេរិក មានបំណងចូលរួមជាមួយ ក្របខ័ណ្ឌអន្តរជាតិ ក្នុងគោលបំណងធានាបានការចែកចាយវ៉ាក់សាំងវីរុសកូរ៉ូណាដោយយុត្តិធម៌ និងកិច្ចខិតខំប្រឹងប្រែងផ្សេងទៀត ដើម្បីអភិវឌ្ឍការព្យាបាលសម្រាប់ជម្ងឺកូវិត-១៩ ។
លោកប្រធានាធិបតី Joe Biden បានជូនដំណឹងទៅអង្គការសហប្រជាជាតិ នៅក្នុងលិខិតមួយ ថាសហរដ្ឋអាមេរិក បានផ្លាស់ប្តូរផែនការ របស់ រដ្ឋបាលអតីតប្រធានាធិបតី ដូ ណាល់ត្រាំ ក្នុងការដកខ្លួនចេញពីអង្គការសុខភាពពិភពលោក។
អ្នកជំនាញ និយាយថាការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកលើកិច្ចសហប្រតិបត្តិការអន្តរជាតិ អាចជួយបន្ធូរបន្ថយក្តីបារម្ភជុំវិញការចែកចាយវ៉ាក់សាំងដោយយុត្តិធម៌។
អ្នកជំនាញមួយចំនួនបានចង្អុលបង្ហាញថាការប្រកួតប្រជែងក្នុងចំណោមបណ្តាប្រទេសជាច្រើន ក្នុងការធានាវ៉ាក់សាំង អាចពន្យារការចែកចាយដល់ប្រទេសកំពុងអភិវឌ្ឍន៍៕
