
(ឧត្តរមានជ័យ)៖ កាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានជួបសំណេះសំណាលជាមួយមន្រ្តីរាជការមន្ទីរពាណិជកម្ម និងមន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តឧត្តរមានជ័យ។
ឯកឧត្ដមរដ្ឋមន្ត្រីមានប្រសាសន៏ថា ការងារផ្តល់សេវាសាធារណៈ ក្រសួងបានអនុវត្តការចេញវិញ្ញាបនបត្រប្រភពដើមទំនិញជាអេឡិចត្រូ និកសម្រាប់ការធ្វើពាណិជ្ជកម្មក្នុងតំបន់អាស៊ាន និងការផ្តល់អាជ្ញាបណ្ណនាំចេញនាំចូលវិញ្ញាបនបត្រត្បូងពេជ្រមិនទាន់កែច្នៃ (គឹមប័រលីប្រូសេស) ក៏ដូចជាបានចូលរួមចុះបញ្ជីពាណិជ្ជកម្មតាមថ្នាលបច្ចេកវិទ្យារួម(CAM DX) ដែលអាចភ្ជាប់ព័ត៌មានជាមួយអគ្គនាយកដ្ឋានពន្ធដារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយទទួលបានការចុះបញ្ជីតែក្នុងរយៈពេល ០៣ថ្ងៃប៉ុណ្ណោះ។
ក្រសួងពាណិជ្ជកម្មក៏បានជួយដល់ការចុះបញ្ជីម៉ាកវិញ្ញាតកម្ម “MALYS ANGKOR” ម៉ាកសម្គាល់ភូមិសាស្ត្រ “ម្រេចកំពត” បានចូលជាសមាជិកនៃច្បាប់ទីក្រុងហ្សឺណែវ នៃកិច្ចព្រមព្រៀងលីស្បោន ស្តីពីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងបានសម្របសម្រួលចុះបញ្ជីសម្គាល់ភូមិសាស្ត្រទំនិញ “ទឹកឃ្មុំព្រៃមណ្ឌលគិរី” “អំបិលនិងផ្កាអំបិលកំពត” ក្រូចពោធិ៍សាត់-ខេត្តពោធិ៍សាត់” ជំរុញការប្រើប្រាស់រូបសញ្ញាជាតិនៃម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ម្រេចកំពត” “ស្ករត្នោតកំពង់ស្ពឺ” ក្រូចថ្លុងកោះទ្រង់” និងម៉ាកសមូហភាព “គុយទាវភ្នំពេញ” ព្រមទាំងរៀបចំចុះបញ្ជីម៉ាកសមូហភាព “អំបុកកំពង់ធំ” “ពងទាកូនខេត្តតាកែវ” “នំបញ្ចុកខេត្តសៀមរាប” “ចម្លាក់ប្រាក់-ស្ពាន់ ខេត្តកណ្តាល” “ស្មូនឆ្នាំងដី” កំពង់ឆ្នាំង។
ចំណែកឯការងារពាណិជ្ជកម្មក្រៅប្រទេស និងរកទីផ្សារវិញ ក្រសួងបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នៅខែតុលា ឆ្នាំ២០២០ និងកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់ (RCEP) នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០។ ជាមួយនោះដែរ ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសាធារណរដ្ឋកូរ៉េ ក៏បានដំណើរការយ៉ាងរលូនផងដែរ៕






